26 C
Phnom Penh
Saturday, July 27, 2024

កម្ពុជា នាំចេញទៅទីផ្សារសហរដ្ឋអាមេរិកកើនឡើងជាង២៧%

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងរយៈពេល៨ខែដំបូង ឆ្នាំ២០២១នេះ មានតម្លៃទឹកប្រាក់សរុប៥.២២០លានដុល្លារ បានកើនឡើង២៧,៥៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើ យោងតាមរបាយការណ៍របស់ក្រ សួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។

ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមរិក ក្នុងរយៈពេលនេះ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ខណៈដែលស្ថានភាពការឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក កាន់តែធូរស្រាល និងការរំពឹងទុកពីការងើបឡើងវិញលឿន នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចសកល។

ចំណែកការចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិក នៅចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១នេះ បានកើនឡើង៤០, ៤០ភាគរយ រហូតដល់តម្លៃទឹកប្រាក់សរុប២៧៨លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិក ភាគច្រើនលើសលុបជាផលិត ផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិតត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខាពេទ្យជាដើម។

ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ -១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា បានចាប់ផ្តើមកើនឡើងខ្លាំង ដោយសារតែប្រទេសមួយចំនួនដូចប្រទេសប្រេស៊ីល បង់ក្លាដេស មីយ៉ាន់ម៉ា និងវៀតណាមជាដើម គ្មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបាន ដែលធ្វើឱ្យអ្នកបញ្ជាទិញសម្រុកមកបញ្ជាទិញពីកម្ពុជាវិញ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើននេះ បានធ្វើឱ្យរោងចក្រចំនួន៤ នៅកម្ពុជា ដែលដំណើរការផលិតម៉ាស បានបង្វែរមកផលិតសម្លៀកបំពាក់វិញ ដើម្បីផ្គត់ផ្គង់ទីផ្សារដែលមានការបញ្ជាទិញច្រើន។

សហរដ្ឋអាមេរិក បានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា កាលពីឆ្នាំ២០២០ ខណៈសហភាពអឺរ៉ុប ធ្លាក់មកនៅលំដាប់ ទី២វិញ ដែលបញ្ជាទិញទំនិញពីកម្ពុជា។ 

យោងតាមការចុះផ្សាយ របស់បណ្តាញសាររព័ត៌មានអន្តរជាតិ បានរាយការណ៍ថា ប្រទេសប្រេស៊ីល វៀតណាម និងបង់ក្លាដេស បានប្រឈមការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់ ដំណើរសង្វាក់ផលិតកម្មរបស់ខ្លួន ខណៈប្រទេសមីយ៉ាន់ម៉ា កំពុងមានវិបត្តិវឹកវរផ្ទៃក្នុង៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img