ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនរូបសិល្បៈចំនួន០៨ យកទៅតាំងពិព័រណ៍នៅសហរដ្ឋអាមេរិក ដែលគ្រោងនឹងរៀបចំឡើងរយៈពេល០៤ខែ ក្នុងគោលបំនងដើម្បីផ្សព្វផ្សាយសិល្បៈបុរាណដ៏អស្ចារ្យមុនសម័យអង្គរ។ នេះបើយោងតាមការឱ្យដឹងពី លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារៈមន្ទីរជាតិ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
លោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា ក្រៅពីការផ្សព្វផ្សាយសិល្បៈបុរាណដ៏អស្ចារ្យនៅមុខសម័យអង្គររបស់ខ្មែរ ជាពិសេសគឺ រចនាបថភ្នំដា ក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចូលទស្សនាដោយផ្ទាល់ និងជាភាពទាក់ទាញដល់អ្នកចង់ទស្សនាដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្រោយពេលដែលជំងឺកូវីដ-១៩ មានការថយចុះនៅពេលខាងមុខ។ ម្យ៉ាងវិញទៀត ការតាំងពិព័រណ៍រូបសិល្បៈខាងលើក៏ជាការផ្លាស់ប្តូរ បទពិសោធន៍ ហើយក៏ជាការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងកម្ពុជា និងអាមេរិក ផងដែរ។ តាមរយៈទំនាក់ទំនងនេះ កម្ពុជាសង្ឃឹមថា អាចនឹងជួយក្នុងការពិចារណាទាមទាររូបសំណាកក្នុងករណីដែលសារមន្ទីរនោះ មានរូបសំណាករក្សាទុក ដែលទទួលទិញដោយខុសច្បាប់ ដែលនេះជាច្រកមួយឈរលើមូលដ្ឋានសហការគ្នា ដែលអាចឱ្យកម្ពុជាទាមទាររូបសំណាកត្រឡប់មកកម្ពុជាវិញ។
លោកបានអះអាងថា ចាប់តាំងពីទសវត្សរ៍៦០មក កម្ពុជាបានបញ្ជូនរូបសំណាកសិល្បៈទៅតាំងព័រណ៍នៅប្រទេសឥណ្ឌា និងចិន ជាបន្តបន្ទាប់ ហើយចាប់ពីឆ្នាំ១៩៩៣មក ក៏បានបញ្ជូនទៅតាំងពិព័រណ៍បង្ហាញនៅប្រទេសមួយចំនួននៅអ៊ឺរុប និងអាស៊ីជាង១០ប្រទេស រួមមានអាមេរិក បារាំង បែលហ្សិក អាល្លឺម៉ង់ ជប៉ុន ចិន និងម៉ាឡេស៊ី ជាដើម។
សូមបញ្ជាក់ថា រូបសិល្បៈទាំង០៨ នោះរួមមាន លិង្គ ដែលជាប្រភពមកពីសារមន្ទីរអង្គរបុរី នៃខេត្តតាកែវ និងរូបសំណាកសិល្បៈចំនួន៧ទៀត មានរូបនាងទុគ៌ា ព្រះនារាយណ៍ ព្រះក្រឹស្ណៈទ្រភ្នំគោវធ៌ន ព្រះពុទ្ធទ្រង់អភ័យមុទ្រា ស្នានទ្រោណី ពលរាម និងដងខ្លួនព្រះក្រឹស្ណៈទ្រភ្នំគោវធ៌ន ដែលយកពីសារមន្ទីរជាតិផ្ទាល់តែម្ដង ដែលគ្រោងទៅតាំងពិព័រណ៍នៅសារមន្ទីរសិល្បៈ ក្លេវើឡេន នារដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ក្រោមចំណងជើងថា “Revealing Krishna: Journey to Cambodia’s Sacred Mountain” ដែលនឹងរៀបចំឡើងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ ក្រោយបញ្ចប់ការតាំងពិព័រណ៍នេះ នឹងដឹកត្រឡប់មកកម្ពុជាវិញនៅខែកុម្ភៈ ឆ្នាំ២០២២៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន