ព្រះសីហនុ៖ ដើម្បីចូលរួមអបអរសាទរការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំបាញ់កាំជ្រួចចំនួន២លើក គឺនៅយប់ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុដែល ពុទ្ធិញូវ ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។


រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គទូតនានា និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន ព្រមទាំងក្រុមហ៊ុនជាតិ-អន្តរជាតិ។


រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការតាំងពិព័រណ៍ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។


សូមជម្រាបថា នេះគឺជាលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានការបាញ់កាំជ្រួចអបអរសាទរវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ខណៈដែលកម្ពុជាកំពុងកាន់តំណែងជាប្រធានអាស៊ានប្ដូរវេន ហើយសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាននៅឆ្នាំនេះដែរ៕




















អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews