26 C
Phnom Penh
Saturday, July 27, 2024

កម្ពុជានឹងបញ្ជូនទ័ពមួកខៀវជាង ៤០០នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌នៅសាធារណរដ្ឋលីបង់ និងអាហ្វ្រិកកណ្តាល នៅដើមខែកុម្ភៈ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ នៅដើមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជានឹងបញ្ជូនកងទ័ពមួកខៀវប្ដូរវេនចំនួន ៤០៥នាក់(ស្ត្រី ៥២នាក់)ចេញទៅ បំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ នេះបើយោងតាមការឱ្យដឹងពីនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការ ជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្នុងពិធី សំណេះសំណាលជាមួយកងទ័ពមួកខៀវកម្ពុជា កងវិស្វកម្មពហុជំនាញ លេខ៨២៩ មុខចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ។

នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះ រួមមាន កងវិស្វកម្មពហុជំនាញ លេខ៨២៩ នឹងចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មសំណង់ លេខ៤៣២ នឹងត្រូវទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ជាមួយគ្នានេះដែរ នាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ លោក ឧត្តមសេនីយ៍ឯក ហួត គឹមសាន បានឱ្យដឹងថា បច្ចុប្បន្នសាលាបាននិងកំពុងធ្វើការហ្វឹកហ្វឺនដល់កងកម្លាំង ត្រៀមប្ដូរវេនចេញបំពេញបេសកកម្មនៅសាធាណរដ្ឋលីបង់ និងអាហ្វ្រិកកណ្ដាល តាមកម្មវិធីជាក់ស្តែងលើជំនាញវិស្វកម្ម(សំណង់ផ្តេក-សំណង់បញ្ឈរ) ផ្នែកតូប៉ូ (TOPO) ផ្នែកសុខាភិបាលជំនាញបច្ចេកទេសបើកបររថយន្ត គ្រឿងចក្រ រថយន្តពន្លត់អគ្គិភ័យ និងជួសជុលកម្រិតស្រាល, ជំនាញបោសសម្អាតមីនដោយដៃ ដោយគ្រឿងចក្រ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ(EOD, IEDS) ក្បួនយុទ្ធវិធី យុទ្ធដំណើរទ័ព ឋានលេខា សព្វាវុធ អប់រំនាយ បទបញ្ជាបាញ់គ្រាប់ពិត លំហាត់របៀប កីឡា (រត់ឆ្លងឧបសគ្គសិប្បនិមិត្ត រត់ឆ្លងឧបសគ្គធម្មជាតិ រត់ចម្ងាយ រត់ពាក់កណ្តាលកម៉ង់ដូ លំហាត់ប្រាណ២៤កាយវិការ) និងក្បាច់គុណល្បុកតោភ្លេងបុរាណ សិល្បៈ សាសនាប្រពៃណីជាតិខ្មែរ ជាដើម៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img