30 C
Phnom Penh
Saturday, July 27, 2024

កម្ពុជាទទួលវ៉ាក់សាំង AstraZeneca ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន លើកទ២ បង្គ្រប់១លានដូស កាលពីយប់មិញ

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៦៦៨,០០០ដូសទៀត បានដឹកមកដល់កម្ពុជា នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។

វ៉ាក់សាំងដែលដឹកមកយប់នេះ ជាជើងលើកទី២ និងជាចំនួនបង្គ្រប់ចំនួន ១លានដូស ខណៈជើងទី១ បានដឹកមកដល់កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងចំនួន ៣៣២,០០០ដូស។

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលរាតត្បាតនៅកម្ពុជា។

ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩។ ក្នុងពេលប្រគល់ និងទទួលវ៉ាក់សាំងកាលពីថ្ងៃទី២៣ ខែកក្កដា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

លោកឯកអគ្គរាជទូត បានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។

បើតាមលោកឯកអគ្គរាជទូតប្រចាំនៅកម្ពុជា បានបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយស្មើនឹងទឹកប្រាក់សរុបជាង ៥០លានដុល្លារអាមេរិកហើយ ដល់កម្ពុជា។ អំណោយទាំងនោះរួមមាន៖ ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់ វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។

ក្រៅពីនោះរដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

លោកឯកអគ្គរាជទូត ក៏បានបង្ហាញជំហរមុតមាំរបស់រដ្ឋាភិបាលជប៉ុនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជាផងដែរ។ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img