30 C
Phnom Penh
Saturday, July 27, 2024

កម្ពុជាជំរុញឲ្យម្ចាស់នាវាលួចប្រេងឆៅ ៣០ម៉ឺនបារ៉ែល ប្រគល់ប្រេងឲ្យម្ចាស់ស្របច្បាប់កម្ពុជាវិញ

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលសេចក្តីថ្លែងការណ៍របស់ម្ចាស់នាវា MT Strovolos ដែលយកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនៅលើនាវា ជាកម្មវត្ថុនៃការទាមទារប្រាក់ពីកម្ពុជា។

ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា ប្រេងឆៅគឺជាទ្រព្យសម្បត្តិរបស់កម្ពុជា មិនអាចក្លាយជាកម្ម វត្ថុនៃការទាមទាររបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos បានឡើយ ព្រោះថាប្រេងឆៅទាំងនេះ មិនមែនជាកម្មសិទ្ធរបស់ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ដែលជាអ្នកជួលនាវានោះទេ។

ក្រសួងបន្តថា គ្មានការទាមទារណាមួយ ក្រោមកិច្ចព្រមព្រៀងជួលនាវា អាចផ្តល់ហេតុផលសមរម្យ ឬអនុញ្ញាតឱ្យនាវា MT Strovolos ចាក់ចេញពីកម្ពុជាដោយខុសច្បាប់ ឬអនុញ្ញាតឱ្យមានការរំលោភបំពានកម្មសិទ្ធិប្រេងឆៅរបស់កម្ពុជាឡើយ។

ក្រសួងអះអាងថា ពួកគេគួរតែត្រូវរៀបចំបង្វិលសងប្រេងឆៅ មកឱ្យម្ចាស់ស្របច្បាប់ គឺព្រះរាជាណាចក្រកម្ពុជាវិញ និងគួរតែបោះបង់ការព្យាយាមណាមួយ ទាមទារប្រាក់ពីព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាដែលជាវិវាទរបស់ពួកគេជាមួយ និងក្រុមហ៊ុន គ្រីសអេនើជី។ នាវាMT Strovolos ត្រូវបានចតនៅតំបន់ គម្រោងប្រេងកាតអប្សរាបំពេញតួនាទី របស់ខ្លួនជានាវាផ្ទុក និងផ្ទេរប្រេងឆៅ ដែលត្រូវបានជួលដោយក្រុមគ្រីសអេនើជី ដែលជាក្រុមទទួលបានសិទ្ធិរុករក និងបូមប្រេងឆៅពីកម្ពុជា។

ក្រុមនាវិកនៃនាវានេះ បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៩៥. ០០០បារ៉ែល។ នៅអំឡុងចុងខែកក្កដា នាវារួមនឹងនាវឹកជាច្រើននាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន បន្ទាប់ពីចូលចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។

ក្រសួងរ៉ែ និងថាមពល បានបានបញ្ជាក់ថា ទោះបីជាមានការស្នើសុំឲ្យវិលត្រឡប់មកវិញក៏ដោយ ក៏នាវានេះមិនព្រមត្រឡប់មកដែនទឹកកម្ពុជាឡើយ។ ដោយប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំ និងបានទំនាក់ទំនងដោយផ្ទាល់ ជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងតាមរយៈប៉ូលីសអាំងទែប៉ូល ឲ្យចាប់ខ្លួន និងធ្វើបត្យាប័នក្រុមនាវិកទាំងនោះ មកព្រះរាជាណាចក្រកម្ពុជា ស្របតាមនីតិវិធីដែលមានកំណត់ ក្នុងសន្ធិសញ្ញាអាស៊ាន ស្តីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងច្បាប់កម្ពុជាដែលពាក់ព័ន្ធ។

ម្ចាស់នៃនាវា MT Strovolos បានថ្លែងការណ៍ថា ខ្លួនយកចិត្តទុកដាក់ដល់សុខមាលភាព របស់ក្រុមនាវិក នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ គឺផ្ទុយទៅនឹងការពិតដែលក្រុមនាវិករបស់ពួកគេ មិនបានគោរពគោលការណ៍សុវត្ថិភាពនៃជីវិតមនុស្ស នៅលើលំហសមុទ្រឡើយ។ ពួកគេបានបិទប្រព័ន្ធអត្តសញ្ញាណស្វ័យប្រវត្តិ របស់នាវាក្នុងពេលពួកគេធ្វើដំណើរ ទន្ទឹមនឹងការដែលពួកគេចាកចេញពីដែនទឹកកម្ពុជា ដោយគ្មានការអនុញ្ញាត ឬ ដោយគ្មានសិទ្ធិ ដោយនាំយកទៅជាមួយនូវប្រេងឆៅរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img