

ព្រះវិហារ៖ កម្ពស់ទឹកស្ទឹងសែនក្នុងទីរួមខេត្តព្រះវិហារ បានបន្តហក់ឡើងដល់១៣,៣ម៉ែត្រហើយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ការនេះបានធ្វើឱ្យទឹកជំនន់ជន់លិចជុំវិញទីរួមខេត្ត និងផ្ទះប្រជាពលរដ្ឋដែររស់នៅក្បែរមាត់ស្ទឹងមួយចំនួន។ ម្យ៉ាងវិញទៀតដោយសារជុំវិញទីរួមខេត្តព្រះវិហារជាអាងទឹក ដែលនាំឱ្យមានការជនលិច។ នេះបើយោងតាមការឱ្យដឹងពី លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ។


ចំណែកទឹកជំនន់នៅក្នុងស្រុកឆែបឯណោះវិញ លោកអភិបាលស្រុក បានឱ្យដឹងដែរថា មិនទាន់មានទឹកជំនន់នៅក្នុងភូមិ ឃុំ ស្រុក នៅឡើយទេ ប៉ុន្តែមានទឹកជំនន់ទឹកភ្លៀងនៅក្បែរផ្លូវជាតិខ្លះៗ ដោយសារទឹកហូរមិនទាន់ តែរយៈពេល៣ ឬ៤ម៉ោង ទឹកចាប់ផ្ដើមស្រកអស់ទៅវិញ ក្រោយពេលភ្លៀងជាប់ៗគ្នា។
ទោះយ៉ាងនេះក៏ដោយ បច្ចុប្បន្ននៅក្នុងខេត្តព្រះវិហារទាំងមូល មិនទាន់មានការប្រកាសអាសន្ននៅឡើយទេ តែបើទឹកឡើងរហូតដល់១៤ម៉ែត្រឡើងលើ ទើបធ្វើការប្រកាសអាសន្នដល់ប្រជាពលរដ្ឋ៕






អត្ថបទ និងរូបភាពដោយ៖ Puthinews