ខេត្តស្ទឹងត្រែង៖ នៅថ្ងៃនេះ កងកម្លាំងយោធានៃតំបន់ប្រិបត្តិការសឹកងខេត្ត និងកងកម្លាំងនគរបាលការពារព្រំដែនគោកវរៈ៧០១ នៃស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានទទួលការចាក់វ៉ាក់សាំងជាមួយគ្នា ជាប្រភេទ Astrazeneca ឬហៅថាដូសជម្រុញ ដែលចាក់ដោយក្រុមគ្រូពេទ្យកងទ័ព ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង។
ចំពោះប្រតិបត្តិការចាក់វ៉ាក់សាំងរួមគ្នា ប្រភេទAstrazeneca ឬហៅថាដូសជម្រុញនេះ ខាងកងកម្លាំងយោធា គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការនៃតំបន់ប្រតិបត្តិការសឹករងខេត្ត ចំណែកខាងកងកម្លាំងនគរបាលវរៈការពារព្រំដែនគោក៧០១វិញ ដឹកនាំដោយឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង។
បើតាមផែនការ ការចាក់វ៉ាក់សាំងដូសជម្រុញជូនដល់កងកម្លាំងជួរមុខខាងលើ គឺចាប់ផ្តើមចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោមេបញ្ជាការស្វាយ ញ៉ន នៃតំបន់ប្រតិបត្តិការសឹករងខេត្តបានឱ្យដឹងថា វ៉ាក់សាំងជម្រុញដែលចាក់នេះ គឺសម្រាប់ចាក់ជូនតែកងទ័ព និងភរិយារបស់ទ័ពតែប៉ុណ្ណោះ មិនអាចចាក់រហូតដល់គ្រួសារកងទ័ពបានទេ ព្រោះវ៉ាក់សាំងមានកំណត់។ លោកឧត្តមសេនីយ៍ទោមេបញ្ជាការបន្តថា ចំពោះវ៉ាក់សាំងដែលទទួលលើកនេះមានចំនួន១,១៧៨ដូស ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កងទ័ពផងដែរថា បើទោះបីជាចាក់វ៉ាក់សាំងលើកទី៣ជាវ៉ាក់សាំងជម្រុញហើយក៏ពិតមែន តែយើងត្រូវតែគោរពតាមវិធានការ៣កុំ ៣ការពារ ជានិច្ច ដែលជាវិធានការដាក់ចេញដោយសម្តេចតេជោនាយរដ្ឋមន្ត្រី។ លោកបន្តថា កងទ័ពមិនខ្លាចប្រយុទ្ធជាខ្មាំងសត្រូវទេ តែចំពោះមេរោគកូវីដគឺយើងត្រូវតែខ្លាច ព្រោះមើលវាមិនឃើញ មិនដឹងថាវាមកពីទិសខាងណា៕
អត្ថបទ និងរូបភាពដោយ៖ Puthi News