30 C
Phnom Penh
Saturday, July 27, 2024

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តចេញដំណើរជាថ្មីម្តងទៀត ទៅកាន់សមរភូមិចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដូសទី២ នៅខេត្តសៀមរាប

កំពង់ធំ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់ សាំងប្រឆាំងមេរោគកូវីដ-១៩ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលការសំណេះសំណាល ប្រគល់ភារកិច្ច និងបំពាក់ជូននូវបរិក្ខាពេទ្យ សម្រាប់ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ព្រមទាំងការឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងពេលបំពេញកាតព្វកិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថ្ងៃនេះកងទ័ពអាវស នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំចំនួន៥៧នាក់ ត្រូវចេញដំណើរទៅកាន់សមរភូមិប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ដែលត្រូវចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបម្ជុលទី២ ចំនួនជាង១៤.០០០នាក់ តាមបទបញ្ជារបស់ លោកមេបញ្ជាការយោធភូមិភាគទី៤ ស្របពេលដែលស្ថានភាពមានការកើនឡើងនូវការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ពិសេសមេរោគកូវីដ -១៩បំប្លែងថ្មីប្រភេទដែលតា(Delta )។ សំណូមពរដល់ក្រុមការងារយើង ទាំងអស់ ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការការពារខ្លួនកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងខ្លួនយើងម្នាក់ៗ ដោយត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសបំផុតការអនុវត្តន៍វិធានការ ៣ការពារនិង៣កុំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវសហការឱ្យបានល្អជាមួយ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ក្នុងការបំពេញបេសកកម្មក្នុងសមរភូមិប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ដែលថ្នាក់ លើបានប្រគល់ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាពជូនប្រជាជន ដែលបានអញ្ជើញមកចាក់វ៉ាក់សាំងម្ជុលទី២ នេះឱ្យបានគ្រប់ៗគ្នា ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់បរិក្ខាពេទ្យសម្រាប់ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ សម្រាប់ឧបត្ថម្ភដល់ការដោះស្រាយជីវភាពហូបចុក ប្រចាំថ្ងៃ និងបានចាត់តាំងក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនក្រុមការងារទាំង អស់ដែលត្រូវចេញបេសកកម្ម ជាលទ្ធផលនៃការធ្វើតេស្តរហ័សគឺអវិជ្ជមានទាំងអស់គ្នា នៅមុនពេលចេញ ដំណើរផងដែរ៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img