ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អ្នកទេសចរ ជាង៣ម៉ឺននាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប

0
176

ស្តាប់អត្ថបទជាសំឡេង

សៀមរាប៖ ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី៧ខែតុលាឆ្នាំ២០២១នេះ នៅខេត្ដសៀមរាប មានអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្ដនោះ មានចំនួនជាង៣ម៉ឺន៣ពាន់នាក់ ហើយការទៅកម្សាន្ដនោះ មានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលជំងឺកូវីដ១៩មិនទាន់ផុតរលត់នៅឡើយ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ដែលប្រជាពលរដ្ឋទៅទស្សនានោះ រួមមាន៖ រមណីយដ្ឋានអង្គរ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ព្រមទាំងតំប់នទេសចរណ៍ជាច្រើនទៀត នៅខេត្ដសៀមរាប។ លោកបានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដើរ កម្សាន្ដសម្រាប់ថ្ងៃទី០៧ ខែតុលាឆ្នាំ២០២១មានចំនួនប្រមាណ១ម៉ឺន៤ពាន់នាក់  ហើយសម្រាប់នៅថ្ងៃទី០៥ និងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១កន្លងមក នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាក្នុងខេត្តសៀមរាប ប្រមាណ១៩.១៨២ នាក់ ដែលសរុបក្នុងរយៈពេល០៣ថ្ងៃនេះ មានជាង៣ម៉ឺន៣ពាន់នាក់ ។

ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលបើកឱ្យអ្នកទេសចរ ដើរទៅកម្សាន្ដតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋាននានាក្នុងខេត្តនេះ មានភ្ញៀវទេសចរ បានទៅទស្សនាជាហូរហែ ហើយការដើរកម្សាន្ដរបស់ពួកគាត់ ជាលក្ខណៈគ្រួសារ និងមានការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួនផងដែរខណៈដែលពួកគាត់នៅនៅបារម្ភខ្លាចជំងឺកូវីដ-១៩ ផងដែរ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

LEAVE A REPLY

Please enter your comment!
Please enter your name here