“វិថីតេជោ តំបន់ពយតាមូង” បច្ចុប្បន្នអាជ្ញាធរខេត្តព្រះសីហនុ ពង្រីកធំទូលាយ ទាក់ទាញភ្ញៀវទេសចរ បន្ថែមទៀត

0
294

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ពង្រីកវិថីតេជោ តភ្ជាប់ពីវិថី២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីឱ្យបានធំទូលាយ សម្រាប់ឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍មកលំហែកម្សាន្ត ក៏ដូចជាសម្រាប់ កម្មវិធីផ្សេងៗរបស់ខេត្តព្រះសីហនុ នាពេលខាងមុខ។

លោក ចេងស្រុង ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបានបញ្ជាក់ថា ការចាក់ដីពង្រីកទីតាំងខាងលើនេះ គឺពង្រីកបន្ថែមប្រវែង៥០ ម៉ែត្រទៀតចូលទៅក្នុងសមុទ្រ ដើម្បីឱ្យបានទីធ្លាធំទូលាយ មានសោភ័ណភាពល្អស្អាត និងបម្រើដល់វិស័យទេសចរណ៍។

លោកបន្តថា ទាំងអស់នេះហើយដែលរដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹកជាដើម ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ នាពេលខាងមុខកាន់តែច្រើនឡើង បន្ទាប់ពីជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញ។

កាលពីថ្មីៗកន្លងមកនេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បាន ចុះពិនិត្យការដ្ឋាន និងបានណែនាំឱ្យក្រុមការងារត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាពរបស់ក្រុងព្រះសីហនុ ព្រោះ វិថីតេជោ ដែលកំពុងស្ថាបនាថ្មីនេះ គឺ មានការទាក់ទាញ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ និង មកអង្គុយលេងកម្សាន្ត ព្រោះមានទេសភាពស្អាតអាចគយគន់ផ្ទៃសមុទ្រក៏ដូចជា ទេសភាពក្នុងក្រុងព្រះសីហនុបានយ៉ាងស្រស់ស្អាតផងដែរ៕

អត្ថបទ និងរូបភាព Puthi News

LEAVE A REPLY

Please enter your comment!
Please enter your name here