35 C
Phnom Penh
Friday, April 19, 2024

ឈើជ្រុងជាច្រើនដុំ ត្រូវបានបង្ក្រាប និងរឹបអូស ខណៈក្រុមឈ្មួញសម្រុកដឹកជញ្ជូនចេញពីព្រៃទៅស្តុកទុក

ព្រះវិហារ៖ ប្រភេទឈើជ្រុងរាប់សិបកំណាត់ និងឧបករណ៍កែច្នៃឈើមួយចំនួនទៀត ដែលជនល្មើសបានដឹកជញ្ជូនយកទៅលាក់ទុក ស្ថិតនៅក្នុងភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានផងដែរ សហការគ្នាធ្វើការបង្ក្រាប និងរឹបអូស។

យោងតាមរបាយការណ៍ពី លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឱ្យដឹងថា ករណីបង្ក្រាបឈើជ្រុកដ៏ច្រើននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បន្ទាប់ពីទទួលបាលព័ត៌មានថា មានឈ្មួញមួយក្រុមតូច បានធ្វើសកម្មភាពប្រើប្រាស់រថយន្តទំនើបៗ ចូលដឹកជញ្ជូនឈើនៅក្នុងតំបន់ខាងលើនោះយ៉ាងអនាធិបតេយ្យ ទាំងយប់ទាំងថ្ងៃ។

នាយខណ្ឌរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត បានសហការជាមួយកម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំស្តៅ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលជាច្រើនរូប បានចុះទៅកាន់ទីតាំងស្តុកទុកឈើ០៣ ទៅ០៤ទីតាំង និងបានរកឃើញសុទ្ធតែឈើជ្រុង និងជាប្រភេទឈើឈ្លីករាប់សិបកំណាត់ ហើយក៏បានធ្វើការរឹបអូស និងដឹកជញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿងចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា បទល្មើសព្រៃឈើ ធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងដែនព្រៃអភិរក្សនៃខេត្តព្រះវិហារ នៅតែរងការកាប់បំផ្លិចបំផ្លាញ អារ ពុះ និងច្រៀកជាស៊ីឡាំង៤ជ្រុង ពីអ្នកស៊ីឈ្នួលកាប់ឈើលក់ឱ្យក្រុមឈ្មួញដែលមានលុយ និងមានខ្នងបង្អែកនៅពីក្រោយ ដើម្បីដឹកជញ្ជូនយកទៅធ្វើជំនួញ ផ្គើនទៅនឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រុមឈ្មួញទាំងនោះ បានប្រើប្រាស់រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ចូលមកដឹកជញ្ជូនឈើនៅក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី អស់រយៈពេលជាយូរមកហើយ៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img