30 C
Phnom Penh
Sunday, September 8, 2024

ព្រឹកនេះ! ព្រះមហាក្សត្រ និងព្រះរវរាជមាតាជាតិខ្មែរ យាងទៅពិនិត្យ-ព្យាបាល ព្រះរាជសុខភាព នៅប្រទេសចិន

ស្តាប់អត្ថបទជាសម្លេង

  ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះរវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដដ៏ខ្ពង់ខ្ពស់បំផុត, នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេ បានយាងទៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាល ព្រះរាជសុខភាព តបតាមការយាង ពីក្រុមគ្រូពេទ្យ នៅសាធារណរដ្ឋប្រជាមានិតចិន។

  អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។ 

  យោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា, ក្នុងឱកាសព្រះរាជអវត្តមាន របស់ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជំនួសព្រះរាជតួនាទី របស់ព្រះមហាក្សត្រ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

  ដោយឡែក សម្តេចតេជោនាយករដ្ឋមន្ត្រី នៅលើទំព័រហ្វេសប៊ុក នាព្រឹកនេះ ក៏បានបួងសួង សូមព្រះអង្គទាំងទ្វេ ទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស។

  សូមជម្រាបជូនថា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី តែងតែយាងជាទៀងទាត់ ទៅកាន់រដ្ឋធានីប៉េកាំង តាមការណាត់របស់ក្រុមគ្រូពេទ្យជំនាញ របស់ប្រទេសចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព របស់ព្រះអង្គ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img