30 C
Phnom Penh
Sunday, September 8, 2024

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វចង្កៀលខ្យង រាប់ពាន់ក្បាល រស់នៅ និងពង កូន

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់រដូវពងកូនឆ្នាំ២០២០-២០២១ដោយជោគជ័យ ហ្វូងសត្វចង្កៀលខ្យងពេញវ័យមួយចំនួន បានហើរចាកចេញពីសម្បុក ទៅរកទីតាំងផ្សេងៗ ដើម្បីរកចំណីចិញ្ចឹមជីវិត។ ដោយឡែក ក្នុងឆ្នាំ២០២១ ដែរ ចង្កៀលខ្យង បានមកកាច់សម្បុកពងកូនសារជាថ្មីនៅលើទីតាំងដដែល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជំនាញអភិរក្សសត្វព្រៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

សម្បុកចង្កៀលខ្យង ត្រូវបានគេប៉ាន់ប្រមាណថា ប្រហែលជាង២០០០សម្បុក ដែលមានទាំងសម្បុកថ្មី និងសម្បុកចាស់ ចំណែកសម្បុកខ្លះបានញាស់ និងខ្លះទៀតកំពុងបន្តក្រាបពង។ ដោយសារទឹកជំនន់ឆ្នាំនេះតូច ដូចនេះ មន្ត្រីជំនាញមិនទាន់បានជួបប្រទះនូវបញ្ហា សម្បុកលិចទឹក និងធ្លាក់ពងសត្វ ដោយសារព្យុះភ្លៀងនៅឡើយទេ។ ទន្ទឹមនឹងនេះ មន្ត្រីឧទ្យានុរក្ស ក៏បានសហការ យកចិត្តទុក្ខដាក់ខ្ពស់ ក្នុងកិច្ចការពារសម្បុកសត្វទាំងនោះ ដោយធ្វើការយាមល្បាតទាំងថ្ងៃទាំងយប់ ការពារជនខិលខូចមួយចំនួន ឆ្លៀតឱកាសបង្ករបទល្មើសផ្សេងៗ។ វត្តមាននៃសត្វស្លាបដែលនៅតែបន្តពងកូនក្នុងតំបន់ដីសើមនេះ បានបញ្ចាក់ឱ្យដឹងថា តំបន់ដីសើមនេះ ជាតំបន់ដ៏សំខាន់ និងមានតម្លៃជាអតិបរមា សម្រាប់ការងារអភិរក្ស ការពារធនធានធម្មជាតិ។

សូមបញ្ជាក់ថា គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការជាមួយភាពជាដៃគូនៃអង្គការអភិរក្សតំបន់ដីសើមមេគង្គក្រោម ដែលមានអង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img