ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញរបាយការណ៍ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ដោយក្នុងនោះលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦%ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយក្នុងឆ្នាំ២០២៤។ ការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ធ្វើឡើងក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី «របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣» រៀបចំឡើងដោយធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា នេះជារបាយការណ៍ប្រចាំឆ្នាំលើកទី៦ ដែលធនាគារជាតិនៃកម្ពុជា បានចេញផ្សាយ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង ពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្តល់ជាទស្សនវិស័យចំពោះស្ថិរភាពហិរញ្ញវត្ថុ។ លោកស្រីបណ្ឌិតបន្ថែមថា លើសពីនេះការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញលំហូរវិនិយោគ និងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New