27 C
Phnom Penh
Sunday, September 8, 2024

ក្រោយពីមានជនរងគ្រោះដោយសារពុលត្រី កំពត២ករណីដែលបង្កឲ្យមនុស្សម្នាក់បានស្លាប់ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករ

ខេត្តកំពង់ឆ្នាំង៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងបានតាមដានយ៉ាងយកចិត្តទុកដាក់នូវបញ្ហាសុខភាពដែល កើតឡើង ហើយថ្មីៗនេះ បន្ទាប់ពីបានសង្គ្រោះព្យាបាលអ្នកជំងឺមានអាការៈពុល៧ករណីបណ្តាលមកពីបរិភោគត្រី កំពត នៅភូមិដំបូកកកោះ ឃុំក្រាំងដីមាស បានជាសះស្បើយ ។

ភ្លាមៗក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាស ព័ត៌មានស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការពុលដោយបរិភោគត្រីកំពត ជូនសាធារណៈជនអោយបានជ្រាប និង ចៀសវាងការពុលត្រីកំពត រួចហើយ ។តែនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ នៅភូមិទី៣ សង្កាត់ខ្សាម មានករណី ពុល១ ករណីទៀតបណ្តាលអោយបាត់បង់ជីវិតដោយសារការបរិភោគត្រីកំពត។ ដូចនេះមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត សូមណែនាំបន្ថែមដល់គ្រប់ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ទីរអង្គភាពនានា ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យ មណ្ឌលសុខភាព និងម្ចាស់អាជីវកម្មផ្សារលក់ដូរតាមភូមិ ឃុំ ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមជួយបន្ត ផ្សព្វផ្សាយជាបន្ទាន់ដល់ប្រជាជន អាជីវករ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយហាមឃាត់ជាដាច់ខាតការបរិភោគត្រី កំពត ដល់អ្នកពាក់ព័ន្ធដូចខាងក្រោម៖
១- ចំពោះអ្នកនេសាទត្រី ហាមលក់ ចែកចាយ បរិភោគ ត្រីកំពត។
២- ចំពោះអាជីវករលក់ត្រី អ្នកលក់ម្ហូបអាហារ នៅតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវឈប់លក់ត្រីកំពត។
៣- ចំពោះប្រជាពលរដ្ឋ ជាអ្នកបរិភោគ ត្រូវឈប់ទិញ និងឈប់បរិភោគត្រីកំពត ព្រោះមានការពុលអាចបណ្តាល
អោយពុលស្លាប់បាន ទោះបីចំអិន ឬដាក់បង្កកយ៉ាងណាក៏ដោយ។ ៤- នៅគ្រប់សាលារៀន សូមជួយផ្សព្វផ្សាយដល់សិស្សានុសិស្ស ដោយហាមបរិភោគអាហារ ត្រីកំពត។
សូមរំលឹកថា រោគសញ្ញាកើតក្រោយពីការបរិភោគត្រីក្រពត រយៈពេល២០នាទី ទៅ២ម៉ោង មានដូចជា រមាស់ ចាក់ៗនៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាគ ល្អិតល្ហែ រឹងថ្គាម រឺអាចបណ្តាលអោយស្លាប់ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។

ត្រីកំពតពុល មាន៥ប្រភេទ ក្នុងចំណោម៩ប្រភេទ បើពុំមានការសំគាល់ទេគឺមានការពិបាកក្នុងការបែងចែក ថាប្រភេទណាពុល ប្រភេទណាមិនពុល ដូចច្នេះដើម្បីចៀសវាងការភាន់ច្រឡំ សូមបញ្ឈប់ការបរិភោគត្រីកំពតចាប់ពី ពេលនេះតទៅ។

សូមគ្រប់អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ធ្វើការណែនាំដល់ទីផ្សារ អាជីវករ លក់ អ្នកលក់ម្ហូប និងប្រជាពលរដ្ឋ ចូលរួមអនុវត្ត និងបញ្ឈប់ការលក់ និង បរិភោគត្រីក្រពតចាប់ពីបពេលនេះតទៅ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img