ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ ក្នុងឱកាសថ្ងៃឈប់រយៈពល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ៩១០.១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩.៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០.២៨១នាក់។ នេះបើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍។

ស្ថិតិដដែលនេះឲ្យដឹងទៀតថា ភ្ញៀវទេសចរដើរកម្សាន្តថ្ងៃទី១ មានភ្ញៀវសរុបចំនួន១៣២.០១៣នាក់ និងថ្ងៃទី២ មានភ្ញៀវសរុបចំនួន ៣៣២.៨៧៥នាក់ កើនឡើង ១៥២,១៥% ធៀបនឹងថ្ងៃទី១ ខណៈថ្ងៃទី៣ មានភ្ញៀវសរុបចំនួន ៤៤៥.២៦២នាក់ កើនឡើង ៣៣,៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១ គឺកើនឡើង ២៣៧,២៨%។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ៣ថ្ងៃនេះ គឺរាជធានីភ្នំពេញជិត ២០ម៉ឺននាក់ ឈរនៅកំពូលតារាង តាមពីក្រោយដោយខេត្តសៀមរាបជាង ១១ម៉ឺននាក់ បន្ទាបមកទៀត ខេត្តព្រះសីហនុជាង ១១ម៉ឺននាក់ ខេត្តកំពតជាង ៨ម៉ឺននាក់ និងខេត្តកែបជាង ៧ម៉ឺននាក់ ក្រៅពីនោះតំបន់ទេសចរណ៍នៅបណ្តាខេត្តផ្សេងៗ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ លើសពីរំពឹងទុក ក្នុងនោះយើងឃើញថា តួលេខាងលើមានការកើនឡើង ៥៤,៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ ហើយបើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នានាដើមខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ គឺមានកើនឡើង ៣៦,៩២%។ ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋាន ដូចជាជួបជុំញ៉ាំអាហារជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន និងកន្លែងដែលមានការៀបចំជាក្ចុស (ដូចជាតាមបណ្តោយមាត់ទន្លេនៅព្រែកលាប បាក់ខែងជាដើម)។

លោកបានបញ្ជាក់ថា ចរន្តភ្ញៀវដ៏ច្រើនក្នុងរយៈពេល ៣ថ្ងៃនេះ គឺបានមកពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាលក្នុងការដំណើរការ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ការបើកឡើងវិញនូវគោលដៅដែលមានការរៀបចំបានល្អក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ពិសេសគោលដៅសៀមរាប-អង្គរ និងក្រុងព្រះសីហនុដែលបានកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ណភាពបានស្រស់បំព្រងទាក់ទាញបានមកវិញនូវកំណើនភ្ញៀវទេសចរផ្ទៃក្នុង ស្របពេលដែលរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក៏បានបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។
លោករដ្ឋមន្ត្រីបន្ថែមថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត កងកម្លាំងមានសមត្ថកិច្ច ក៏បាន ខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ស្របពេលចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់រាជធានី-ខេត្ត៕

អត្ថបទ និងរូបភាពដោយ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន