28 C
Phnom Penh
Wednesday, December 4, 2024

មហោស្រពចាប៉ីដងវែង ជាកន្លែងជួបជុំសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍ និងចំណេះដឹង

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សោម សុគន្ធ បានលើកឡើងថា មហោស្រពចាប៉ីដងវែងនេះ មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែជាទីកន្លែងជួបជុំសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍ និងចំណេះដឹងផងដែរ។ ការលើកឡើងដូចនេះ នៅក្នុងពិធីបិទបញ្ចប់មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១ ដោយទស្សនាការចាក់ផ្សាយមហោស្រពចាប៉ីដងវែង តាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

លោក សោម សុគន្ធ បានលើកឡើងថា គោលដៅសំខាន់នៃការរៀបចំមហោស្រព ចាប៉ីដងវែងទូទាំងប្រទេស ដើម្បីផ្តល់ឱកាសសិក្សាលើផ្នែកធនធានមនុស្ស និងបច្ចេកទេសនៃការសំដែងសិល្បៈផ្នែកចាប៉ី សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់សិល្បៈចាប៉ីដងវែង បន្តការពារថែរក្សា និងលើកស្ទួយមរតកវប្បធម៌អរូបីមួយនេះ ឱ្យបានគង់វង្ស និងកាន់តែមានប្រជាប្រិយភាពនៅក្នុងស្រទាប់ប្រជាជនគ្រប់វ័យ ជាពិសេសក្នុងស្រទាប់យុវជន។ តាមរយៈការប្រារព្ធមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១ ពិតជាអាចផ្តល់នូវសារប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់ជាបទពិសោធន៍ និងបានរួមចំណែកក្នុងការថែរក្សាការពារ ពង្រឹងនូវអត្តសញ្ញាណជាតិ លើកកម្ពស់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ជាតិ សំដៅប្រែក្លាយកម្ពុជា ជាណាចក្រនៃវប្បធម៌ និងបានអរគុណចំពោះអង្គការយូណេស្កូ ដែលបានចូលរួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការរៀបចំមហោស្រពចាប៉ីដងវែង ឆ្នាំ២០២១ ប្រកបដោយជោគជ័យ។

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យដឹងថា មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១ ធ្វើឡើងក្នុងគោលបំណងដើម្បីអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយដល់មហាជនឱ្យស្គាល់ និងយល់ដឹងអំពីសិល្បៈចាប៉ីដងវែង។ ទោះបីជាប្រទេសកម្ពុជាកំពុងជួបប្រទះនឹងរោគរាតត្បាតនៃជំងឺកូវីត-១៩ ក៏នៅតែបន្តកិច្ចការអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយសិល្បៈចាប៉ីដងវែង ដោយរៀបចំមហោស្រពតាមរយៈអនឡាញ។ មហោស្រពនេះបានរៀបចំឡើងមាន៣វគ្គ ក្នុងនោះ វគ្គទី១ តម្រូវឱ្យបេក្ខេជនផ្ញើស្នាដៃវីដេអូ ដើម្បីចូលរួមប្រកួតតាមរយៈអនឡាញ។ ក្នុងនោះបេក្ខជនចំនួន ១៨រូប មកពី១៣រាជធានី-ខេត្ត បានដាក់ពាក្យដើម្បីចូលរួម។ វគ្គទី២ ជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានធ្វើការវាយតម្លៃ ដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការមេប្រយោគ នៅក្នុងវគ្គទី១រួចមក បេក្ខជនចំនួន១៥រូប ត្រូវបានជ្រើសរើស។ វគ្គទី៣ ជាវគ្គផ្តាច់ព្រ័ត្រ មានបេក្ខជនចំនួន៥រូប មកប្រឡងផ្ទាល់នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយតម្រូវឱ្យច្រៀងជាគូ ដោយចាប់ឆ្នោតរើសប្រធានបទដែលគណៈមេប្រយោគផ្តល់ជូន។

ទន្ទឹមគ្នានោះដែរ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងជាសមាជិកគណៈកម្មការរៀបចំ មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១ បានលើកឡើងថា ការបន្តកិច្ចការពារថែរក្សា និងលើកតម្កើងមរតកវប្បធម៌អរូបី ផ្នែកចាប៉ីដងវែងនេះ ជាកាតព្វកិច្ច ដែលមិនអាចអាក់ខានបានបើទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។ នៅក្នុងរបត់ការងារថ្មីនេះ ទាំងក្រុមការងាររៀបចំមហោស្រព មន្ទីរវប្បធម៌រាជធានី-ខេត្ត អង្គការ សមាគម និងបេក្ខជន បានខិតខំព្យាយាមចូលរួមចំណែកយ៉ាងសកម្ម សំដៅធ្វើយ៉ាងណាឱ្យមហោស្រពដ៏សំខាន់នេះ នៅតែបន្តសកម្មភាពបានទៅដោយរលូន។ ជាប្រវត្តិសាវតា នៃអង្គមហោស្រពសិល្បៈចាប៉ីដងវែង ចាប់ពីក្រោយទសតវត្សឆ្នាំ៩០ មកដល់បច្ចុប្បន្ន ជាលើកទីមួយហើយ ដែលអង្គមហោស្រពសិល្បៈចាប៉ីដងវែង ប្រារពធ្វើឡើងតែឯង ហើយតាមលក្ខណៈអនឡាញជាលើកដំបូង ដោយពុំមានទម្រង់សិល្បៈ អាយ៉ៃ ខ្សែដៀវខ្សែ១ និងនិទានរឿង ដែលជាសិល្បៈប្រភេទប្រជាប្រិយដូចគ្នា ហើយធ្លាប់បានប្រារព្ធធ្វើរួមគ្នាតាំងពីឆ្នាំ១៩៩១ រហូតមកបានចំនួន១២លើក រួចមកហើយ ដែលបានរៀបចំដោយអង្គភាពនាយកដ្ឋានសិល្បៈទស្សនីយភាព។

សូមបញ្ជាក់ថា មហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមទប់ស្កាត់ការចម្លងរាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ នៅចុងបញ្ចប់នៃមហោស្រព គណៈកម្មការបានរកឃើញជ័យលាភីចំនួន ៣រូប ដែលមានសមត្ថភាព ច្នៃប្រឌិត និងប៉ិនប្រសប់ យ៉ាងពិតប្រាកដ នាឆ្នាំ២០២១។ ពានរង្វាន់ និងជ័យលាភីនៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១មាន ជ័យលាភីលេខ១ ទទួលបានពាន១ អមដោយទឹកប្រាក់ចំនួន ៦លានរៀល, ជ័យលាភីលេខ២ ទទួលបានពាន១ អមដោយទឹកប្រាក់ចំនួន ៤លានរៀល, ជ័យលាភីលេខ៣ ទទួលបានពាន១ អមដោយទឹកប្រាក់ចំនួន ២លានរៀល៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img