កោះកុង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះ កុង ស្នើឲ្យអាជ្ញាធរ ជួយពន្លឿនគម្រោងស្តារប្រព័ន្ធលូសម្រាប់រំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សាឲ្យបានឆាប់ ខណៈដែលលំនៅឋានរបស់ពួកគាត់តែងតែប្រឈមរងការជន់លិចធ្ងន់ធ្ងរជាងគេ ស្ទើររៀងរាល់ឆ្នាំ។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ កើតការងឿងឆ្ងល់ លើផលលំបាកនៃការស្ថាបនា កែលម្អ ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងឡើងវិញ របស់ក្រុមការងារជំនាញក្រុងខេមរភូមិន្ទបច្ចុប្បន្ន ថា ហេតុដូចម្តេចបានជាទុកចោលបែបនេះ ខណៈពេលមេឃភ្លៀងធម្មតាសោះក៏រងការលិចលង់យ៉ាងដំណំ បង្កជាផលលំបាកដល់ការធ្វើដំណើរ ជាពិសេសសិស្សានុសិស្ស និងកុមារតូចៗ ងាយរងហានិភ័យ។
ប្រភពពីពលរដ្ឋរស់នៅក្នុងភូមិខាងលើ បាននិយាយថា ពួកគាត់តែងខកខានការលក់ដូរ ម្ហូបអាហារនំចំណី ដល់ភ្ញៀវទេសចរពេលរាត្រី ពោលគឺឲ្យតែរៀងរាល់រដូវវស្សាចូលមកដល់ ខណៈផ្លូវថ្នល់ ក៏រងការជនលិច និងមានរងការលិចអណ្តែតដល់ផ្ទះបាយទៀតផង ដែលការណ៍នេះ ចៀសមិនផុតពីការបិទទ្វារផ្ទះចាកចេញពីទីប្រជុំជននេះ ហើយដើររកទីសុវត្ថិភាព ដើម្បីចាប់យកមុខរបរថ្មី។
ថ្មីៗនេះ ក្រុមការងាររដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានចុះមកពិនិត្យសារជាថ្មីម្តងទៀត និងបានកំណត់និយាមការផលប៉ះពាល់ ដើម្បីដាក់គម្រោងទៅរដ្ឋបាលក្រុង ស្នើកញ្ចប់ថវិកាសាងសង់ នៅពេលក្រោយ។
បើតាមលោក ញ៉ែម យី ចៅសង្កាត់រងទីមួយ ស្មាច់មានជ័យ បានប្រាប់ CNC ថា ក្រោយការចុះពិនិត្យកន្លងមកនេះ ខាងសង្កាត់បានដាក់គម្រោងស្នើសុំរួចហើយ ពោលគឺរង់ចាំតែការសម្រេចពីលោកអភិបាលក្រុងខេមរភូមិន្ទ នាឆ្នាំក្រោយឯណោះ។
ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ដែលរងដោយការជនលិចនេះ ធ្លាប់បានទន្ទឹងរង់ចាំការជួសជុល កែលម្អ ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ ក្នុងភូមិទី៣នេះយូរឆ្នាំមកហើយ ហើយថែមទាំងបង្ហាញក្តីរំពឹងទុកថា នឹងទទួលបានដូចក្តីបំណង ដើម្បីសម្រួលដល់ជីវភាពរស់នៅ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New