27 C
Phnom Penh
Friday, December 27, 2024

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ ក្នុងពេលមានកូវីដ-១៩ ៨ខែ ឆ្នាំនេះ ចិនបាននាំចូលអង្ករ និងចេករបស់កម្ពុជា រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិយើង

ស្តាប់អត្ថបទជាសម្លេង

  ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានជួបសន្ទនា និងរៀបចំអាហារការងារពេលព្រឹក ជូនលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលលោកទស្សកិច្ចកម្ពុជា ដើម្បីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជួបចរចាអំពីទំនាក់ទំនងកម្ពុជា-ចិន ជាមួយសម្តេចតេជោ។

  ក្នុងជំនួបព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីខែមិថុនា ឆ្នាំ២០២០។ លោក បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបានចំនួនជាង៦១ម៉ឺនតោន (៦១៥,៦១២តោន) ចេកបានជាង២៧ម៉ឺនតោន (២៧២,០២៣តោន) និងស្វាយបានចំនួន២១១តោន នារយៈពេល៨ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេង ដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-១៩រាតត្បាត និងជួយដល់ពលករ ដែលត្រលប់មកពីប្រទេសថៃ បានប្រកបការងារកសិកម្ម។ ទន្ទឹមនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរ ឱ្យចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករជាដើម។

  លោក ហោ ណាំហុង ក៏រំលឹកអំពីការអនុវត្តគម្រោងនានាជាបន្ទាន់ ក្រោយពីប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២០ បញ្ជីគម្រោងដែលត្រូវអនុវត្តន៍បន្ទាន់(To Do List) លោកបានលើកជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C  គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ លេខ៣១ និងផ្លូវជាតិលេខ៣ គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាបអុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេត នៅកម្ពុជា។

  លោកឧបនាយករដ្ឋមន្ត្រី បានលើកថា ផែនការសកម្មភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣) ដែលទាក់ទងគ្រប់ស្ថាប័ន រួមទាំងគណបក្សប្រជាជនកម្ពុជា និងនីតិប្បញ្ញត្តិ តើគួរប្រជុំថ្នាក់អគ្គលេខាធិការគណៈកម្មាធិការ សម្របសម្រួលអន្ដររដ្ឋាភិបាលឬទេ ដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចការអនុវត្តបន្ដ។

  លោក ហោ ណាំហុង ក៏បានលើកថា គួរពិចារណារកពេលសមស្របរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា-ចិន។ ទន្ទឹមនឹងនេះ លោក ក៏បានស្នើបញ្ចូលក្រសួងបរិស្ថាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលខាងកម្ពុជា ដែលសម្ដេចតេជោ បានយល់ស្របដ៏ខ្ពង់ខ្ពស់ហើយ។

  ក្នុងឱកាសនោះដែរ លោក វ៉ាង យី បានឆ្លើយតប ដោយលើកទឹកចិត្តឱ្យ ជំរុញលើការសាងសង់ផ្លូវជាតិលេខ៧១C និងបញ្ជូនអ្នកបច្ចេកទេស មកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០គីឡូម៉ែត្រ។ លោក វ៉ាង យី ក៏បានស្នើឱ្យយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀត លើគម្រោងខ្សែកាបអុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ព្រមទាំងបានស្នើឱ្យសមត្ថកិច្ចកម្ពុជា ជួយគ្រប់គ្រង Casino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនង រវាងប្រទេសកម្ពុជា-ចិន។  ត្រង់ចំណុចនេះ លោក ហោ ណាំហុង បានឆ្លើយថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដ៏ខ្ពង់ខ្ពស់លុបបំបាត់ Casino online នេះរួចទៅហើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img