កងកម្លាំងការពារជាតិអ៉ីស្រាអែល (IDF) បានឱ្យដឹងនៅថ្ងៃចន្ទនេះថាកងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើគោលដៅ នៅក្នុងប្រទេសលីបង់ បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយគ្រាប់ធ្លាក់ចូលទឹកដីអ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Times Of Isreal នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ IDF បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា “កាំភ្លើងធំរបស់ IDF បានវាយប្រហារលើគោលដៅនៅក្នុងប្រទេសលីបង់ ជាការសងសឹកនឹងការបាញ់គ្រាប់រ៉ុក្កែតចូលមកក្នុងទឹកដីអ៊ីស្រាអែល”។

កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ អាជ្ញាធរអ៊ីស្រាអែលបានអះអាងថាគ្រាប់រ៉ុក្កែតមួយគ្រាប់ ត្រូវបានគេបាញ់ចេញពីទឹកដីលីបង់ ចូលមកក្នុងទឹកដីអ៊ីស្រាអែល តែមិនបានបង្កការខូចខាត ឬមានជនរងគ្រោះណាម្នាក់ឡើយ ហើយក្រុមហេសប៊ូលឡា ក្នុងប្រទេសលីបង់គឺជាអ្នក នៅពីក្រោយការវាយប្រហារនេះ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលខាងលើ កើតមានឡើងនៅចំពេលកំពុងមានភាពតានតឹង និងអំពើហិង្សាជាថ្មីនៅឯវិហារអាល់អឹក ក្នុងទីក្រុងហ្សេរុយសាឡិម ជាមួយប៉ាឡេស្ទីន៕



ប្រភព Times Of Isreal ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News