22 C
Phnom Penh
Monday, December 23, 2024

អូស្ត្រាលី ជំរុញផ្នែកបច្ចេកទេសយានយន្ត ជាពិសេសរថយន្តអគ្គិសនីនៅកម្ពុជា

ភ្នំពេញៈ អូស្ត្រាលី បន្ដជំរុញផ្នែកបច្ចេកទេសយានយន្ត ជាពិសេសរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីបំពេញតម្រូវការអ្នកបច្ចេកទេសយានយន្តក្នុងស្រុក និងនៅក្រៅប្រទេស។

ការជំរុញនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជិវៈ (TVET) ជាពិសសលើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត នៅកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត ដល់ប្រជាជនកម្ពុជា។

លោកស្រី ជឿជាក់ថា តាមរយៈបទពិសោធន៍ក្នុងការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី នឹងអាចសហការបានយ៉ាងល្អជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពកាន់តែប្រសើរក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្តនៅកម្ពុជា។

ជាការឆ្លើយតប លោក ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា ដូចនេះការបង្កើនមូលធនមនុស្សប្រកបដោយជំនាញបច្ចេកទេស គឺជាគោលនយោបាយដ៏សំខាន់។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី សម្រាប់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត ជាពិសេសរថយន្តអគ្គិសនី។

លោករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកម្មវិធីក្រោមកិច្ចសហប្រតិបត្តិការនេះនឹងអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា ប្រកបដោយជំនាញបច្ចេកទេសស្របតាមស្តង់ដាអន្តរជាតិ ដែលមិនត្រឹមតែអាចបំពេញតម្រូវការអ្នកបច្ចេកទេសយានយន្តសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែក៏អាចស្របតាមទីផ្សារការងារផ្នែកបច្ចេកទេសយានយន្តនៅក្រៅប្រទេសផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img