26 C
Phnom Penh
Sunday, January 12, 2025

អាជ្ញាធរជំរុញឱ្យអ្នកភ្នំពេញចោលសំរាមឱ្យមានរបៀបរាបរយ

ការចោលសម្រាមមិនត្រឹមត្រូវ និងភ្លៀងធ្លាក់ជាប្រចាំកំពុងបន្ថែមបញ្ហាទឹកជំនន់នៅក្នុងរាជធានី។
អាជ្ញាធររាជធានីភ្នំពេញបានលើកឡើងថា ពួកគាត់បានស្នើឱ្យក្រុមហ៊ុនប្រមូលសម្រាមឯកជន ប្រមូលសម្រាមឱ្យបានទៀងទាត់ ដើម្បីការពារទឹកជំនន់នៅរដូវវស្សា។
យោងតាមមន្ត្រីស៊ិនទ្រីបានឱ្យដឹងថាក្នុងមួយថ្ងៃៗ សំរាមជាងមួយតោនត្រូវបានដឹកចេញពីខណ្ឌចំការមន ខណ្ឌមានជ័យ បឹងកេងកង និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យនិយាយកាលពីម្សិលមិញថា ភ្លៀងធ្លាក់ជាប្រចាំបានធ្វើឱ្យពិបាកក្នុងការប្រមូលសម្រាម។ លើសពីនេះ ប្រជាពលរដ្ឋមួយចំនួនបោះចោលសម្រាម ដោយគ្មានការទទួលខុសត្រូវដោយមានការបោះទៅលើប្រឡាយ ផ្លូវទឹក និងធ្វើឱ្យស្ទះលូ ដែលបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋដែលរស់នៅទីនោះ។

លោកបន្តថាកង្វះបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីក្នុងអំឡុងពេលបោះឆ្នោតបានប៉ះពាល់ដល់ការចោលសម្រាមនៅតំបន់មួយចំនួន។
លោកបន្ថែមថា៖ “យើងសូមសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយបឹងទំពុន និងបឹងត្របែក ជាពិសេសអ្នករស់នៅក្នុងសង្កាត់ទាំងប្រាំពីរ ត្រូវវេចខ្ចប់ និងទុកសម្រាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនស៊ីនទ្រីងាយស្រួលក្នុងការប្រមូល»។

លោក នៅ ឧត្តម អ្នកគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនស៊ីនទ្រី បាននិយាយកាលពីម្សិលមិញថា សំរាមក្នុងរាជធានីភ្នំពេញមានការកើនឡើងជារៀងរាល់ខែ ដោយកម្មករស៊ីនទ្រីប្រមូលសំរាមបានច្រើនជាងមួយតោនក្នុងមួយថ្ងៃនៅក្នុងខណ្ឌចំនួនបួនរួមមានខណ្ឌចំការមន មានជ័យ បឹងកេងកង និងច្បារអំពៅ។

លោកបន្តថាប្រជាពលរដ្ឋរស់នៅក្បែរប្រឡាយបឹងទំពុន បាននឹងកំពុងប្រើប្រាស់ប្រឡាយជាកន្លែងចាក់សំរាម។ ពេលមានភ្លៀងធ្លាក់ ទីតាំងនោះងាយលិចទឹកណាស់។
លោលបន្ថែមថា៖ «កាលពីបីខែមុន យើងបានសហការជាមួយអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យប្រឡាយ និងប្រមូលសំរាមចេញពីទឹក។ ប៉ុន្តែប៉ុន្មានថ្ងៃទៀត ពួកគេចាប់ផ្ដើមបោះសំរាមចូលប្រឡាយជាថ្មីម្ដងទៀត»។

ខណៈលោកស្រី អាន ឆវ័ន្ត ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បាននិយាយថា បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី មិនបានប្រមូលសំរាមជាប្រចាំទេ។ ពេលពួកគេមិនមកប្រមូលសម្រាម វាធ្វើឱ្យស្ទះលូ ហើយធ្វើឱ្យផ្ទះគាត់លិចទឹកផងដែរ។

លោកស្រីបន្ថែមថាវាជាកាតព្វកិច្ចរបស់អ្នករាល់គ្នាក្នុងការរក្សាទីក្រុងឱ្យមានសោភ័ណភាព និងជៀសវាងការជន់លិចក្នុងរដូវវស្សា៕
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img