កែប៖ កូនឈើប្រមាណជាង ២.០០០ដើម ត្រូវបានដាក់ដាំតាមបណ្តោយផ្លូវកៅស៊ូ DBST ដែលមានប្រវែង ២.០៥៥ម៉ែត្រ និងទទឹង ១៨ម៉ែត្រ ស្ថិតនៅភូមិអង្កោល ភូមិអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ផ្លូវមួយខ្សែនេះបានសាងសង់រួច និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។
ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវមួយខ្សែនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ផ្លូវមួយខ្សែដែលយើងបានដាក់ឲ្យដំណើរការនេះ គឺជាច្រកផ្លូវដ៏សំខាន់ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលមានការជួបការលំបាកក្នុងការធ្វើដំណើរកាលពីពេលកន្លងមក ហើយជាច្រកផ្លូវសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ទៅកាន់ឆ្នេរអង្កោល ដែលជាឆ្នេរស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តកែបនាពេលខាងមុខ ហើយឆ្ពោះទៅភ្ជាប់ជាមួយផ្លូវខេត្តលេខ ១.៣៣២ រហូតដល់ព្រំប្រទល់ព្រែកចាក។
លោកបញ្ជាក់ថា យើងបានចំណាយថវិការជាច្រើនក្នុងការធ្វើផ្លូវនេះឲ្យធំ និងស្រស់ស្អាត ហើយថវិកាមួយចំនួនទៀតយើងបានចំណាយទៅលើការទិញកូនឈើយកមកដាំសងខាងផ្លូវនេះ រហូតដល់ទៅជាង ២.០០០កូន ដើម្បីជាប្រយោជន៍ក្នុងការបន្ថែមឲ្យមានសោភណ្ឌភាពផ្លូវផង និងដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវនេះ និងអ្នកដំណើរទូទៅផង។ តែមានកូនឈើមួយចំនួនរងការបំផ្លាញដោយសារគ្មានការគាំពារ លោកស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាកូនឈើទាំងនេះ ទម្រាំវាអាចលូតលាស់ធំធាត់បាន ហើយលោកក៏បាន ស្នើឲ្យមន្ទីរជំនាញយកចិត្តទុកដាក់បន្ថែម ក្នុងការថែរក្សាកូនឈើដែលយើងបានដាំតាមបណ្តោយផ្លូវទូទាំងខេត្តកែបផងដែរ។
គួបញ្ចាក់ថា កូនឈើមួយចំនួនដែលអាជ្ញាធរបានដាក់ដាំក្រោយការស្ថាបនាផ្លូវរួចរាល់ទូទាំងខេត្តកែប មានមួយចំនួនត្រូវបានដូលរលំដោយសារកត្តាជាច្រើនដូចជា ធម្មជាតិ សត្វពាហណៈ និងកត្តាមនុស្ស។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រជាពលរដ្ឋមួយចំនួនតូចមានស្មារតីចេះជួយស្រឡាញ់ថែរក្សាការពារកូនឈើទាំងនេះ តែប្រជាពលរដ្ឋមួយចំនួនដែលរស់នៅសងខាងផ្លូវទាំងនេះ បែរជាមិនបានជួយថែរក្សា ហើយថែមទាំងលែងគោក្របីឲ្យដើរជាន់បំផ្លាញ ឬស៊ីជាដើម៕
អត្ថបទ និងរូបភាពដោយ៖ Puthi News