26 C
Phnom Penh
Tuesday, December 31, 2024

អាជ្ញាធរខេត្ត សម្រេចធ្វើការផ្អាកជាបណ្តោះអាសន្នចំពោះមុខរបរ អាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានផ្តល់ព័ត៌មានមក ពុទ្ធិញូវ ប្រចាំខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះបានអោយដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍នោះ រដ្ឋបាលខេត្តបាត់ដំបង សម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង គិតចាត់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

លោកអភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល នេះគឺតម្រូវឱ្យអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទមាន ជាអាទិ៍៖ ខារ៉ាអូខេ រង្គសាល ឌីស្តូតែក បៀហ្គាឌិន និងកាស៊ីណូ ។

– តំបន់រមណីយដ្ឋាននានា សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា

– អាជីវកម្មម៉ាស្សា កោសជប់ សូណា ស្ចឹមគ្រប់ប្រភេទ និងអាជីវកម្មកក់សក់ ឬអប់សក់

– ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ

– ពិធីជប់លៀង ខួបកំណើត ការជួបជុំប្រមូលផ្ដុំបាយសាមគ្គី និងពិធីជួបជុំលាគ្នា…។ល។

-រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ ។

– ភោជនីយ៍ដ្ឋាន និងអាហារដ្ឋាន ដែលទទួលអតិថិជនចូលមកទទួលទានអាហារនៅនឹងកន្លែង តែមិនអាចអនុវត្តវិធានការផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបង្ហាញទៀតថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី១០នាក់ ។ ការជួបជុំនេះត្រូវបានលើកលែងតែចំពោះករណី៖ ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ហើយនិងការរៀបចំពិធីបុណ្យសព ដែលមិនមានមេរោគកូវីដ១៩ ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ។

ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ដូចជា ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត

– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ 

 និងរបៀបរៀបរយសាជាធារណៈ

– ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី

– ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របសអាជ្ញាធរមានសមត្ថកិច្ច។

– ការបើកដំណើរការសិក្សារបស់សិស្ស និងនិស្សិត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមគោលការណ៍ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងករណីរកឃើញថាបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img