ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពកាយស្ដារភក់ សំរាម និងមែកឈើចេញពីប្រឡាយមេមួយកន្លែង ប្រវែងជាង០២គីឡូម៉ែត្រ នៅប្រឡាយមេភាគខាងជើងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ ខណៈទឹកភ្លៀងកំពុងធ្លាក់មកជាបន្តបន្ទាប់ ធ្វើឱ្យតំបន់មួយចំនួនរងការលិចលង់។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បាននិងកំពុងស្ដារប្រឡាយមេនៅអមផ្លូវ៣០ម៉ែត្រ ដែលមានប្រវែង២២៧៩ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ចាប់ពីបុរីអង្គរ ដល់មុខក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ។
លោកប្រធានមន្ទីរ បានបន្តទៀតថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ដើម្បីស្ដារប្រឡាយនេះឱ្យទឹកហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។ ការងារនេះបានអនុវត្តតាំងពីចុងខែសីហា ឆ្នាំ២០២១ ដោយស្ដារសំរាម មែកឈើ ភក់ចេញពីបាតប្រឡាយ។
ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ។ ដូច្នេះក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយម ត្រូវស្តារប្រឡាយមេមួយនេះជាប្រចាំ ទោះមានការលំបាកមួយចំនួនក៏ដោយ ដើម្បីធ្វើយ៉ាងណាបើកផ្លូវទឹកហូរឱ្យបានលឿនទៅកាន់ស្ថានីយកប់ស្រូវ កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងបីខាងលើ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News