28 C
Phnom Penh
Sunday, October 27, 2024

អភិបាលខេត្តកំពត គ្រោងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នៅខែក្រោយ

ស្តាប់អត្ថបទជាសម្លេង

កំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានប្រាប់ដល់អាជ្ញាធរក្រុងស្រុងទាំង៩ ឱ្យជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សទាំងអស់គ្នា ព្រោះយុទ្ធនាការនឹងត្រូវបិទបញ្ចប់ក្នុងខែតុលាខាងមុខ។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបពិនិត្យ និងវាយតម្លៃលទ្ធផលការងារចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ជូនប្រជាជនក្នុងភូមិសាស្ត្រខេត្តកំពតនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះ លោក ជាវ តាយ បានឱ្យដឹងថា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩សរុបចំនួន៤៥៧.១៧៨នាក់ ស្មើនឹង៧៣.៦០ភាគរយ និងមិនទាន់បានចាក់មានចំនួន១៦៤.០០៥នាក់ ស្មើនឹង២៦.៤០ភាគរយ ក្នុងនោះអាយុ១៨ឆ្នាំ ឡើងបានចាក់ចំនួន៣៤០.៩៣៥នាក់ និងមិនទាន់បានចាក់មានចំនួន១១០.១៣៦នាក់ និងអាយុចាប់ពី១២ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ បានចាក់ហើយមានចំនួន៦៥.២៧៥នាក់ មិនទាន់បានចាក់ចំនួន២៩.៩២៦នាក់ និងអាយុចាប់ពី ៦ឆ្នាំដល់ក្រោម១២ឆ្នាំ បានចាក់ហើយចំនួន៥០.៩៦៨នាក់ អ្នកដែលមិនទាន់បានចាក់មានចំនួន២៣.៩៤៣នាក់។

លោក ជាវ តាយ បានបញ្ជាក់ថា រដ្ឋបាលខេត្តធ្វើការបូកសរុបលទ្ធ នៃការចាក់វ៉ាក់សាំងនៅពេលនេះ ដើម្បីវាយតម្លៃលទ្ធផល នឹងឈានទៅបិទយុទ្ធនាកាចាក់វ៉ាក់សាំងនៅខេត្តកំពតក្នុងខែតុលាខាងមុខ និងបានប្រាប់អាជ្ញាធរក្រុងស្រុកទាំង៩ ត្រូវផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងឱ្យបានលឿនទាំងអស់គ្នា និងត្រូវកំណត់អត្តសញ្ញាណអ្នកមិនទាន់បានចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់ ។

សូមបញ្ជាក់ថា យុទ្ធនាការជាតិចាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាគោលនយោបាយយ៉ាងសំខាន់មួយរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញ ហើយបើចេះតែបណ្តោយឱ្យយុទ្ធនាការចាក់វ៉ាក់សាំងអូសបន្លាយពេលយូរ វានឹងអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាព សុខមាលភាពប្រជាពលរដ្ឋ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img