កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធគ្រប់រូបពង្រឹងសមត្ថភាពសហគមន៍កសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹក ផលិតកម្មស្រូវ និងពូជស្រូវ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកសិករផ្នែកបច្ចេកទេសកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ការថ្លែងនេះរបស់ លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្នុង សិក្ខាសាលាជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តកំពង់ធំ បានណែនាំសិក្ខាកាមគ្រប់រូបត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការទាញយកចំណេះដឹងជំនាញ និងបទពិសោធពីសិក្ខាសាលានាពេលនេះ ដើម្បីយកទៅធ្វើការផ្សព្វផ្សាយបន្តនៅមូលដ្ឋានរបស់ខ្លួន និង ចូលរួមចំណែកអភិវឌ្ឍន៍ភូមិឃុំ ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមាន ភាពប្រសើរជាងមុនតាមរយៈការអនុវត្តសាកល្បងនូវកម្មវិធីនេះ។
លោក ងួន រតនៈ បានបញ្ជាក់ថា ខេត្តកំពង់ធំបាន និងកំពុង អនុវត្តសកម្មភាពនៅតាម ក្រុងស្រុកគោលដៅចំនួន៦ គឺនៅ ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកសន្ទុក ស្រុក បារាយណ៍ និងស្រុកតាំងគោក ថ្នាក់ខេត្តមានមន្ត្រីបង្គោលមន្ទីរពាក់ព័ន្ធចំនួន៥ រួមមាន៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី មន្ទីរផែនការ និងមន្ទីរបរិស្ថាន ដែលមានមន្ត្រីបង្គោលរបស់មន្ទីរនីមួយៗ ជាអ្នកសម្របសម្រួល ក្នុងងការអនុវត្តសកម្មភាពតាមជំនាញរបស់អង្គភាពសាមី៕
អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews