29 C
Phnom Penh
Saturday, January 11, 2025

អភិបាលខេត្តកំពង់ធំ ព្រមានថាការពារផលប្រយោជន៍រាស្ត្រ ដោយស្របច្បាប់ មិនមែនការពាររាស្ត្រដោយខុសច្បាប់នោះទេ

កំពង់ធំ៖  លោក  សុខ លូ អភិបាលខេត្តកំពង់ធំថ្លែង  ព្រមានដល់ មន្ត្រីគ្រប់រូបត្រូវការពារផលប្រយោជន៍រាស្ត្រដោយ ស្របច្បាប់  មិនមែនការពាររាស្ត្រដោយខុសច្បាប់ទេ។ 

ការថ្លែងយ៉ាងដូច្នេះរបស់អភិបាលខេត្តកំពង់ធំក្នុងពិធី ប្រកាសតែងតាំង លោក សាយ គឹមឡម  ជាអភិបាលស្រុកស្ទោងថ្មីជំនួស លោក ណែត សារី ដែលត្រូវទៅបម្រើការនៅសាលាខេត្តកំពង់ធំ ប្រកាសលោក តង់  គឹម តុលា  ជាអភិបាលស្រុកប្រាសាទសំបូរ ថ្មីជំនួស លោកអ៊ុត  វណ្ណរ៉ា  ទៅ ជាអភិបាលស្រុកសណ្តាន់ វិញ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។  

 លោក សុខ  លូ   មានប្រសាសន៍ថា  “កងកម្លាំងទាំងអស់មិនមែនចេះតែធ្វើអ្វីតាមអំពើចិត្តនោះទេ គឺស្តាប់មេកើយរបស់ខ្លួន  និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ហើយ អភិបាលក្រុង ស្រុក ត្រូវក្តាប់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ”។ 

អភិបាលខេត្តកំពង់ធំ បញ្ជាក់ថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់តម្រូវការប្រចាំថ្ងៃដូចជាការ ដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឱ្យ បានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយ និងប្រាកដជាទទួលបាននូវការគាំទ្រមកវិញពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខាន ។

ជាមួយគ្នានោះដែរលោកអភិបាលស្រុកថ្មី  ស្រុកស្ទោង  និងស្រុកប្រាសាទសំបូរ  ជាអភិបាលស្រុកថ្មី ឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងឆ្លើយតបឱ្យបានទាន់ពេល  និងអនុវត្តតាមគោលការណ៍ណែនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យបានល្អ ដោយការទទួលខុសត្រូវខ្ពស់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img