នៅក្នុងប្រពៃណីនៃអាពាហ៍ពិពាហ៍របស់ខ្មែរ នៅពេលដែលខ្មែរប្រារព្ធកិច្ចនីមួយៗដូចជានៅ ពេល កូនក្រមុំ និងកូនកំលោះចេញមកសូត្រមន្តលើករាសី ពិធីកាត់សក់ ពិធីសំពះផ្ទឹមជាដើម យើងតែងតែមានស្ត្រីម្នាក់ត្រូវដឹកដៃកូនក្រមុំ និងស្រ្តីម្នាក់ទៀតដឹកដៃកូនកំលោះ។

មូលហេតុតម្រូវឱ្យមានអ្នកដឹកដៃ ព្រោះកាលពីជំនាន់មុនកូនកំលោះ និងកូនក្រមុំមិនសូវស្គាល់គ្នា ជិតស្និទ្ធហើយនៅមានភាពអៀនខ្មាសនឹងគ្នាណាស់ ដូច្នេះទើបចាស់បុរាណតម្រូវឱ្យមានស្ត្រី ម្នាក់ដែលចាស់ទុំចិត្តគំនិតមកជួយដឹកដៃនាំមុខ។
តាមទំនៀមទម្លាប់របស់ខ្មែរស្រ្តីដឹកដៃនោះត្រូវតែ ៖

-ស្ថិតក្នុងមជ្ឈឹមវ័យ (មានរហូតដល់ចៅ គឺចាស់បុរាណចង់សំដៅដល់អាយុនៃអាពាហ៍ពិពាហ៍ បានយូរអង្វែង គួរសមហើយ ដែលតំណាងឱ្យភាពសុខដុមរមនាក្នុងជីវិតប្ដីប្រពន្ធ)

-មិនមែនជាស្រីមេម៉ាយ គឺមានស្វាមីរៀប ការពេញច្បាប់ត្រឹមត្រូវ
ប៉ុន្តែជាការពិតជាក់ស្ដែង ស្រ្តីដែលមានលក្ខណសម្បត្តិ ទាំងពីរខាងលើនេះ ហាក់ដូចជានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដ្បិតមាតាបិតាខ្លះបាន បន្ថែមចំណុច នៃមង្គលសម្រាប់ជ្រើសរើសស្ត្រីដឹកដៃខ្លះទៀត ដើម្បីជាមង្គលនៃបុត្រធីតារបស់ខ្លួន ដូចជា៖
-ជាស្ត្រីមានមុខមាត់កេរ្តិ៍ឈ្មោះក្នុងសង្គម (ឱ្យគូស្វាមី ភរិយាថ្មីឆាប់ឆ្លងបាននូវកិត្តិយស និងកេរ្តិឈ្មោះដូចស្ត្រីដឹកដៃ)
-មានទ្រព្យសម្បត្តិធូរធារ (ដើម្បីជារាសីទាញគូស្វាមីភរិយាថ្មីឱ្យឆាប់រកទទួលទានមានបាន ដូចជានំអាកោ ឡើងតាមមេ នៃស្ត្រីដឹកដៃ)

-មានសុខដុមរមនាក្នុងគ្រួសារ (មិនទាស់ទែងគ្នា និងស្រឡាញ់គ្នាល្អូកល្អិន )
ហើយមាតាបិតាខ្លះទៀតថែមទាំងគិតដល់៖
-មានអំណាចខ្លាំងជាងស្វាមី របស់ខ្លួន (ក្អកចេញភ្លើង គឺដើម្បី ឱ្យធីតាមានប្រៀបទៅលើគូ ជីវិត តាមជើងលេខរបស់ស្ត្រីដឹកដៃ)
ការសម្រេចជ្រើសរើសស្ត្រីដឹកដៃស្ថិតនៅលើមាតាបិតា តែនៅពេលខ្លះ វាក៏ជាការទទូចសូមរបស់កូនក្រមុំដែរ រីកូន កំលោះមិនសូវជាយកចិត្តទុកដាក់ចំពោះចំណុច នៃការដឹកដៃនេះទេ ។

កាលពីសម័យមុន យើងកម្រឃើញមានស្ត្រី ក្នុងវ័យក្រោម៥០ឆ្នាំ ត្រូវបានគេពឹងមកដឹកដៃ កូន ក្រមុំ និងកូនកំលោះណាស់ តែបច្ចុប្បន្ន នេះយើងឃើញមានស្ត្រីវ័យប្រមាណ៤០ឆ្នាំ មកដឹក ដៃកូនក្រមុំ និងកូនកំលោះ តែកាលសម័យមុនចាស់បុរាណ បានហាមប្រាម ដ្បិតវ័យនៅខ្ចីពេក ហើយខ្លាចបង្កនូវការកាត់លាភដល់នារីដឹកដៃ…
តាមទំនៀមទម្លាប់ ក្រោយចប់កម្មវិធីអាពាហ៍ពិពាហ៍ មាតាបិតានៃកូ ក្រមុំ និងកូនកំលោះ ជូន អាំងប៉ាវទៅស្ត្រី ដឹកដៃជាមង្គល ឬជាលាភវិញ។
គេមិនមានកំណត់ចំនួន នៃការពឹងដឹកដៃចំពោះស្ត្រីដូចជា ចំនួននៃការកំដរកូនក្រមុំទេ ព្រោះតាមជំនឿបុរាណ ការកំដរ កូនក្រមុំ លើសពីបីដង អាចធ្វើឱ្យនារីក្រមុំអ្នកកំដរអភ័ព្វ។
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News