32 C
Phnom Penh
Friday, October 25, 2024

អង់គ្លេស ចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកជាផ្លូវការ

កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំនៅប្រទេសនូវែលសេឡង់ ប្រទេសអង់គ្លេសបានចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកជាផ្លូវការ ក្នុងនោះរួមមានប្រទេសជប៉ុន និងប្រទេសចំនួន ១០ ផ្សេងទៀតដែលជាសមាជិក។

គួរដឹងដែរថា ប្លុកពាណិជ្ជកម្មនេះមានប្រជាជនជាង ៥០០ លាននាក់ និងមានទំហំសេដ្ឋកិច្ចស្មើនឹង ១៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក។ សម្រាប់ប្រទេសអង់គ្លេស នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់បំផុតចាប់តាំងពីការចាកចេញពីសហភាពអឺរ៉ុបកាលពីបីឆ្នាំមុន។

កាលពីខែមីនាអង់គ្លេសបានប្រកាសថា ខ្លួនបានឈានដល់ការស្រុះស្រួលចូលរួមជាមួយកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CPTPP ដែលជាប្លុកពាណិជ្ជកម្ម បង្កើតឡើងនៅក្នុងឆ្នាំ២០១៨។ បន្ទាប់ពីការចរចាអស់រយៈពេលជាងពីរឆ្នាំ នៅទីបំផុត អង់គ្លេសបានក្លាយជាសមាជិកថ្មីដំបូងគេដែលបានចូលរួមក្នុងប្លុកពាណិជ្ជកម្មនេះ។

គួរដឹងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះមានប្រទេសជាសមាជិកដូចជា នូវែលសេឡង់ អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ សិង្ហបុរី និងវៀតណាមផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសលោក កេមី បាដេណូច (Kemi Badenoch)មានប្រសាសន៍ថា ៖ «យើងមានកិត្តិយសណាស់ដែលបានក្លាយជាសមាជិកថ្មីដំបូងគេបង្អស់របស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ដែលជាសហគមន៍សេដ្ឋកិច្ចដ៏ធំទាំង ១២ ប្រទេស លាតសន្ធឹងនៅអាស៊ី ប៉ាស៊ីហ្វិក និងឥឡូវនេះ បានឈានមកដល់ទ្វីបអឺរ៉ុបហើយ»។

លោកបានបន្តថា ៖ «នេះគឺជាកិច្ចព្រមព្រៀងដ៏ទំនើបមួយ និងដ៏មានមហិច្ឆតាខ្លាំងបំផុត។ ហើយវត្តមាននៃសមាជិកភាពរបស់អង់គ្លេសនៅក្នុងប្លុកនេះនឹងកាន់តែធ្វើឱ្យមានភាពរីកចម្រើន និងឆ្ពោះទៅមុខ តាមរយៈការបើកទ្វារចំហស្វាគមន៍អាជីវកម្មចម្រុះ ចូលមកវិនិយោគក្នុងប្រទេសអង់គ្លេស»។

លោក បាដេណូច បានឱ្យដឹងដែរថា ជនជាតិអង់គ្លេសជាងកន្លះលាននាក់ បាននឹងកំពុងធ្វើការនៅក្នុងក្រុមហ៊ុនមកពីប្រទេសជាសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះរួចទៅហើយ។ លោក ស៊ីហ្គេយូគី កូតូ (Shigeyuki Goto) រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានយល់ឃើញថា ការចូលរួមរបស់ប្រទេសអង់គ្លេស នឹងជួយពង្រឹងប្លុកពាណិជ្ជកម្មនេះកាន់តែខ្លាំង។

លោក កូតូ បាននិយាយថា ៖ «ជាការពិតណាស់ យើងអាចរក្សាបាននូវស្តង់ដារខ្ពស់ ហើយការទទួលយល់ព្រមឱ្យអង់គ្លេសចូលជាសមាជិកនេះ គឺជាគំរូដ៏ល្អសម្រាប់ប្រទេសផ្សេងទៀតដែលចង់ចូលរួមជាមួយយើងនាពេលអនាគត»។ យ៉ាងណាក៏ដោយ អ្នករិះគន់មួយចំនួនបានអះអាងថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់អត្ថប្រយោជន៍តិចតួចណាស់ បើធៀបទៅនឹងពាណិជ្ជកម្មជាមួយប្រទេសជិតខាងដូចជា សហភាពអឺរ៉ុបដែលមានសមាជិករហូតដល់ទៅ ២៧ ប្រទេស។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស ហ៊ីបគីន (Chris Hipkins) បានលើកឡើងថា ការចូលរួមរបស់អង់គ្លេសមកក្នុងប្លុកពាណិជ្ជកម្មនេះ គឺជារឿងដ៏ល្អបំផុតសម្រាប់តំបន់។ លោក ហ៊ីបគីន បានថ្លែងថា ៖ «ពាណិជ្ជកម្ម មិនត្រឹមតែជាអាទិភាពសម្រាប់រដ្ឋាភិបាលនេះប៉ុណ្ណោះទេ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដើម្បីស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងការធ្វើឱ្យជីវិត និងជីវភាពរស់នៅរបស់ប្រជាជននូវែលសេឡង់ទាំងអស់កាន់តែប្រសើរឡើង»។

ចាប់តាំងពីបានចាកចេញពីសហភាពអឺរ៉ុបមក អង់គ្លេសបានបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែកជាច្រើន ក្នុងនោះរួមមានជាមួយអូស្ត្រាលី និងនូវែលសេឡង់ជាដើម។

គួរកត់សម្គាល់ថា សហរដ្ឋអាមេរិកមិនមែនជាសមាជិកនៅក្នុងប្លុកនេះនោះទេ ពោលគឺដោយសារតែអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដែលកាលពីមុន មានឈ្មោះថា ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ ដោយឡែក សម្រាប់ប្រទេសចិនវិញ ក៏បានដាក់ពាក្យស្នើសុំចូលរួមក្នុងប្លុកពាណិជ្ជកម្មនេះផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img