ស្តាប់អត្ថបទជាសម្លេង
មណ្ឌលគិរី៖ សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅខេត្តមណ្ឌលគិរី ប្រមាណជាង១ពាន់នាក់ ត្រូវបានជូនដំណឹងឱ្យត្រឡប់មកសិស្សាឡើងវិញក្នុងសាលា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ និងបានខកការរៀនសូត្រនៅសាលាដោយផ្ទាល់ អស់រយៈពេលជាច្រើនខែមកហើយ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ-១៩។
ការត្រឡប់មកសិក្សានៅក្នុងសាលារៀនជាថ្មីនេះ គឺតម្រូវតែសិស្សថ្នាក់ទី៩ និងថ្នាក់១២ប៉ុណ្ណោះ ដែលពួកគេមានភារកិច្ចត្រូវប្រឡងសញ្ញាបត្រធម្យមសិក្សាបឋមភូមិ និងប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិ នៅចុងឆ្នាំ២០២១នេះ។ ដោយឡែកចំពោះសិស្សថ្នាក់ទី៧ ថ្នាក់ទី៨ ទី១០ និងថ្នាក់ទី១១ គឺនៅរៀនតាមអនឡាយជាបណ្ដោះអាសន្នសិន។
លោកគ្រូ ឃុត ណារិន បានឱ្យដឹងថា កន្លងទៅព្រោះតែស្ថិតក្នុងបរិបទកូវីដ-១៩ សិស្សានុសិស្សបានឈប់សម្រាករយៈពេលយូរ និងបានត្រឹមរៀនតាមប្រព័ន្ធអនឡាយប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេមានការភ្លេចភ្លាំងច្រើន ប៉ុន្តែក្រោយពេលបានចូលរៀនក្នុងសាលាដោយផ្ទាល់នៅថ្ងៃដំបូង មេរៀនដែលលោកគ្រូ-អ្នកគ្រូផ្សព្វផ្សាយទៅ គឺពួកគេទទួលបានច្រើន។
លោកគ្រូបន្តថា នៅថ្ងៃចូលរៀនដំបូង កត់សម្គាល់ថា សិស្សានុសិស្សមានសណ្ដាប់ធ្នាប់វិន័យល្អ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងជំនាញ លើបញ្ហាអនាម័យបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
សិស្សានុសិស្សថ្នាក់ទី១២ និងថ្នាក់ទី៩ ដែលបានចូលរៀនថ្ងៃដំបូងបន្ទាប់ពីខកខានច្រើនខែ ក៏បានសម្ដែងអារម្មណ៍រីករាយ ព្រោះតែបានមករៀននៅក្នុងថ្នាក់ដោយផ្ទាល់ ខុសពីរៀនតាមអនឡាយ រៀនតាមអនឡាយពិបាកស្ដាប់គ្រូពន្យល់ និងមានបញ្ហាអ៊ីនធឺណិតរអាក់រអួល ធ្វើឱ្យពួកគេមិនសូវយល់ពីមេរៀននោះទេ ហើយមួយវិញទៀតរៀនតាមអនឡាយ សិស្សងាយលួចចម្លងវិញ្ញាសារគ្នាទៀតផង។ សិស្សានុសិស្សបន្តថា នៅក្នុងបន្ទប់រៀនមានសុវត្ថិភាពល្អប្រសើរលើបញ្ហាកូវីដ-១៩ ព្រោះសាលាបានអនុវត្តវិធានការ ៣ការពារ ៣កុំ យ៉ាងល្អ។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទីតាំងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីត្រូវបានយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ដូចនេះសិស្សានុសិស្សត្រូវមករៀននៅវិទ្យាល័យបច្ចេកទេសអន្តេវាសិក។ សាលាមធ្យមសិក្សាដាក់ឱ្យដំណើរការឡើងវិញមាន០៨សាលា។ សិស្សទី៩ មានចំនួន៩៥៤ ស្រី៥០៧នាក់ ដែលត្រូវត្រៀមប្រឡងនៅ ខែវិច្ឆិកា ២០២១ ចំណែកសិស្សទី១២ ចំនួន៤៤៨នាក់ ស្រី២៣៣នាក់ ត្រូវប្រឡងថ្នាក់ជាតិ នៅខែធ្នូ ២០២១ ។ ដោយឡែកសិស្សក្នុងកម្រិតសិក្សាផ្សេងទៀត ត្រូវរៀនតាមប្រព័ន្ធអនឡាញតាមផ្ទះ។
សូមបញ្ជាក់ថាការរៀបចំឱ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវទៅរៀនផ្ទាល់នេះ សាលាបានរៀបចំឱ្យពួកគេអង្គុយរៀនដាច់ឆ្ងាយពីគ្នា ដោយក្នុងមួយថ្នាក់មានសិស្សត្រឹម១០នាក់ ទៅ២០នាក់ ប៉ុណ្ណោះ តាមទីធ្លាបន្ទប់រៀនជាក់ស្តែង ដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩ ស្របទៅតាមវិធានការក្រសួងសុខាភិបាល និងក្រសួងអប់រំ៕
អត្ថបទ និងរូបភាពដោយ Puthi News