27 C
Phnom Penh
Sunday, September 8, 2024

សម្ដេចពិជ័យសេនា ទៀ បាញ់ អះអាងថា អំណោយវ៉ាក់សាំងរបស់ចិន ពិតជាបានចូលរួមចំណែក ប្រកបដោយប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់មេរោគកូវីដ១៩បំប្លែងថ្មី នៅកម្ពុជា

ស្តាប់អត្ថបទជាសម្លេង

  ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីប្រគល់ ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៥០ម៉ឺនដូស ពីរដ្ឋាភិបាល និងប្រជាជនចិន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

  មានប្រសាសន៍នៅក្នុងពិធីនេះ  សម្តេចពិជ័យសេនា បានលើកឡើងថា ការផ្ដល់ជូនវ៉ាក់សាំងនាពេលនេះ គឺជាវ៉ាក់សាំងដំណាក់កាលទី៣ហើយ ដែលជាអំណោយរបស់រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារប្រទេសចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា។ សម្តេច ទៀ បាញ់ បានអះអាងថា  “អំណោយវ៉ាក់សាំងរបស់ចិន ពិតជាបានចូលរួមចំណែក ប្រកដដោយប្រសិទ្ធិភាព ក្នុងការចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា”។ 

  សម្តេចពិជ័យសេនា បានបញ្ជាក់ដែរថា “វ៉ាក់សាំងដែលទទួលបាននាពេលនេះ ក្រសួងការពារជាតិកម្ពុជា នឹងយកទៅប្រើប្រាស់តាមការណែនាំ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩”។

  សម្ដេចពិជ័យសេនា បានមានប្រសាសន៍ដែរថា ចិនគឺជាប្រទេសឈានមុខគេ នៅក្នុងការផ្ដល់វ៉ាក់សាំង និងការបញ្ជាទិញវ៉ាក់សាំងរបស់កម្ពុជា។ សម្តេចមានប្រសាសន៍ដែរថា ក្នុងបរិការណ៍នេះ វ៉ាក់សាំងគឺជាតម្រូវការគន្លឹះ ខណៈស្ថានភាពពិភពលោកបច្ចុប្បន្ន មិនមានភាពប្រាកដប្រជា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មីដែលតា។ 

  សម្តេចបន្ថែមថា បច្ចុប្បន្ននេះកម្ពុជា និងប្រទេសជាច្រើន នៅលើពិភពលោក កំពុងផ្ដោតលើការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវី-១៩។ ជាក់ស្ដែងនៅកម្ពុជា ក្រោយពីបើកចាក់ជូន ដល់ប្រជាពលរដ្ឋ ដែលមានអាយុលើសពី១៨ឆ្នាំ កាលពីថ្ងៃទី0១ ខែសីហា ក៏បានចាប់ផ្ដើមចាក់ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុពី១២ ដល់ក្រោម១៨ឆ្នាំ រួមទាំងការចាប់ផ្ដើមចាក់ដូសជំរុញ ឬដូសទី៣ ជូនដល់មន្ត្រីរាជការជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគប្រភេទដែលតា។ ក្រៅពីការចាក់វ៉ាក់សាំង កម្ពុជា ក៏នៅតែបន្តអនុវត្តន៍ នូវវិធានការនានា របស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី “៣កុំ និងការពារ”។

  សូមជម្រាបជូនថា គិតមកទល់ពេលនេះ កម្ពុជា បានទទួលអំណោយវ៉ាក់សាំងពីប្រទេសចិន ចំនួន៣.៧លានដូសហើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img