ស្តាប់អត្ថបទជាសម្លេង
កំពង់ឆ្នាំង៖ សមត្ថកិច្ចជំនាញ បានបង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វរបស់ការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង បានដឹកសត្វជ្រូកបង្កកចំនួន ៣ធុងក្លាសេ ស្មើនឹង ចំនួន ៦៥ក្បាល មានទម្ងន់ ៤២០គីឡូក្រាម និងគ្រឿងក្នុង ៣០គីឡូក្រាម ជាប្រភេទ ជ្រូកកណ្តុរ ឃាត់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការបង្ក្រាបរថយន្តដឹកសត្វជ្រូកបង្កកនេះ ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅវេលាម៉ោង ៥:៥០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ។ រថយន្តខាងលើបានធ្វើការនាំចូលសត្វជ្រូកបង្កកមកពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់) ដោយមិនមានលិខិតអនុញ្ញាត។
ក្រោយពេលបង្ក្រាប សមត្ថកិច្ច បានបញ្ជូនវត្ថុតាង និងបទល្មើស ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃនមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ និងរូបភាពដោយ៖ Puthi News