25 C
Phnom Penh
Thursday, October 24, 2024

សភាថៃសម្រេចលើកពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី

ប្រធានសភាថៃបានឱ្យដឹងថា ការបោះឆ្នោតក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលគ្រោងប្រព្រឹត្តទៅជាថ្មីក្នុងសប្តាហ៍នេះ គឺត្រូវបានសម្រេចលើកពេលវិញ ខណៈភាពជាប់គាំងនយោបាយនៅក្នុងប្រទេសថៃ បន្តអូសបន្លាយរយៈពេលជាង២ខែហើយ ក្រោយការបោះឆ្នោតសកល កាលពីខែឧសភា ។

ការបោះឆ្នោតក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ពីដំបូងឡើយត្រូវបានកំណត់ថា នឹងត្រូវរៀបចំឡើងសាជាថ្មីម្តងទៀត នៅថ្ងៃទី២៧ ខែកក្កដា គឺថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយការព្យាយាម២លើកកន្លងមក ដោយមេដឹកនាំគណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈ​ច្រើនជាងគេក្នុងការបោះឆ្នោតសកល គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានរារាំងដោយក្រុមសមាជិករដ្ឋសភា​អភិរក្សនិយម និងក្រុមសមាជិកព្រឹទ្ធសភា ដោយសារតែគោលនយោបាយកំណែទម្រង់ដ៏ចម្រូងចម្រាស របស់ Move Forward។ ភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវលើកទៅពេលណាវិញនោះឡើយ។

គណបក្សភឿថៃ (Pheu Thai) ដែលជាប់លេខ២ ក្នុងការបោះឆ្នោតសកល និងស្ថិតក្នុងក្រុមចម្រុះដែលមាន៨គណបក្ស ជាមួយ Move Forward ដែរនោះ ត្រូវគេរំពឹងនឹងតែងតាំងបេក្ខជនរបស់ខ្លួនជានាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតសប្តាហ៍នេះ បន្ទាប់ពីត្រូវ​បានគណបក្ស Move Forward ប្រកាសបើកផ្លូវឱ្យទទួលបន្ទុកដឹកនាំ កិច្ចប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលថ្មីវិញម្តង។

ចំណែកកិច្ចប្រជុំមួយរវាងក្រុមចម្រុះខាងលើ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារនេះ ក៏ត្រូវបានលុបចោលផងដែរ ខណៈសមាជិកសភារបស់ Pheu Thai លោក ស៊ូទីន ក្លាងសែង (Sutin Klangsaeng) បាននិយាយថា កិច្ចពិភាក្សារវាងគណបក្សទាំង៨ កំពុងបន្តស្ថិតក្នុង​ដំណាក់កាលចរចាគ្នានៅឡើយ ដើម្បីស្វែងរកមធ្យោបាយឆ្ពោះទៅមុខ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img