(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃអង្គារសប្ដាហ៍នេះ បានកត់ត្រាសីតុណ្ហភាពក្ដៅក្នុងកម្រិតខ្ពស់ជាង ៤០អង្សាសេ ជាលើកដំបូងបំផុត ខណៈកំពុង ប្រឈមមុខនឹងការរាលដាលនៃភ្លើងឆេះព្រៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។
បើតាមអាជ្ញាធរឧតុនិយមអង់គ្លេស សីតុណ្ហភាពបានឡើងដល់ ៤០.៣អង្សាសេ នៅឯភូមិ ខូននីងស្បី (Coningsby) ក្នុងតំបន់លីនខុលសាយអើ (Lincolnshire)។ ចំណែកឯ ក្រុមអ្នកពន្លត់អគ្គិភ័យក៏បានប្រកាសអាសន្នផងដែរ ក្រោយភ្លើងព្រៃឆេះរាលដាលគួរឱ្យព្រួយបារម្ភ។ ភ្លើងឆេះព្រៃធំបំផុត កំពុងបន្តឆាបឆេះក្នុងទីក្រុង វេនីងតុន (Wennington) នៃភាគខាងកើតទីក្រុងឡុងដ៍ ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង។
គួរបញ្ជាក់ថា ក្រៅតែពីចក្រភពអង់គ្លេស បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងលិចដូចជា បារាំង ព័រទុយហ្កាល់ ក្រិក និងអេស្ប៉ាញជាដើមក៏កំពុងប្រឈមមុខ នឹងរលកកម្ដៅ និងភ្លើងឆេះព្រៃផងដែរ ដែលអ្នកជំនាញភាគច្រើនយល់ថាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News