28 C
Phnom Penh
Sunday, December 22, 2024

រថយន្តដឹកខ្សាច់ បង្កការខូចខាតផ្លូវលំអភិវឌ្ឍន៍ជនបទ មួយខ្សែប្រវែងប្រហែល ០៦គីឡូម៉ែត្រ

ស្តាប់អត្ថបទជាសំឡេង

រតនគិរី៖ ផ្លូវលំអភិវឌ្ឍន៍ជនបទមួយខ្សែដែលមានប្រវែងប្រហែលជាង៦គីឡូម៉ែត្រ ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាល  ក្រោមការស្ថាបនារបស់កងវិស្វកម្មក្រសួងការពារជាតិ ស្ថិតនៅក្នុងភូមិវ៉ាយ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានរងការខូចខាតជាអន្លើៗ ដោយសារក្រុមរថយន្តដឹកខ្សាច់។ 

បញ្ហានេះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើបាន សំណូមពរឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានវិធានការណែនាំ ទៅលើក្រុមហ៊ុនរកស៊ីដឹកខ្សាច់ជួយជួសជុល និងស្ថាបនាផ្លូវឱ្យស្អាតឡើងវិញ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើបាន ឱ្យដឹងទៀតថា សព្វថ្ងៃនៅក្នុងភូមិពួកគាត់ចាប់តាំងពីមានរថយន្តមកធ្វើអាជីវកម្មមក គឺផ្លូវ រងការខូចខាតជាអន្លើៗ។ ណាមួយនៅរដូវប្រាំងរយន្តបើកបរលឿន គឺដីហុយ ចំណែកនៅរដូវវស្សារថយន្តដឹកធ្ងន់ បណ្ដាលឱ្យខូចផ្លូវ ពិបាកក្នុងការធ្វើដំណើរ ដូចជានៅពេលយប់ព្រលប់ ត្រូវការទៅមន្ទីរពេទ្យ ឬសិស្សទៅសាលារៀនជាដើម។

ពាក់ព័ន្ធ ករណីនេះ លោក ថង  លានមេឃុំការចូន បានឱ្យដឹងថា ទាក់ទងទៅនឹងរយន្តដឹកខ្សាច់ គឺពួកគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយខាងការដ្ឋានខ្សាច់ក៏បានសន្យាថា នឹងជួសជុលផ្លូវនេះឡើងវិញនៅរដូវដាច់ទឹកភ្លៀង។ រីឯលោក ហេង សាវឿន អភិបាល ស្រុកវើនសៃ បានឱ្យដឹងថា រូបលោកនឹងធ្វើការណែនាំម្ចាស់ការដ្ឋានបូមខ្សាច់ និងតម្រូវឱ្យជួសជុលស្តារផ្លូវខូចឡើងវិញ។

ចំណែក លោក ក្រិច ថា ម្ចាស់ការដ្ឋានបូមខ្សាច់ នៅមាត់ទន្លេ ក្នុងឃុំកាចូនបានឱ្យដឹងថា បញ្ហាផ្លូវខូចនេះ គឺទើបតែរយៈពេលប៉ុន្មានខែ ក្នុងរដូវវស្សានេះប៉ុណ្ណោះ ដែលភ្លៀងធ្លាក់ជាប់ៗគ្នាពេក។ ហើយលោកក៏បានបន្តថាកាលពីក្នុងឆ្នាំ ២០២០ លោកបានជួសជុលផ្លូវនេះម្ដងរួចហើយ។ លោកបញ្ជាក់ថា ចំពោះបញ្ហាជួសជុលជូនប្រជាពលរដ្ឋឡើងវិញ ក្នុងឆ្នាំនេះលោកសន្យានឹងធ្វើឡើងវិញ នៅខែវិច្ឆិកា ឬខែធ្នូ ខាងមុខនេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img