28 C
Phnom Penh
Friday, November 22, 2024

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបជាមួយ ប្រធានាធិបតីអាមេរិក ដែលអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានផ្ញើលិខិតមួយទៅកាន់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដើម្បីថ្លែងអំណរគុណ និងឆ្លើយតបចំពោះការអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Puthinews ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ ខ្ញុំសូមអរគុណឯកឧតុ្តមប្រធានាធិបតី ដែលបានផ្ញើលិខិតអញ្ជើញខ្ញុំចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២។ ខ្ញុំមានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំនេះ។ ខ្ញុំជឿជាក់ថា ការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នឹងជាជំហានឆ្ពោះទៅមុខ មួយឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។

ខ្ញុំជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋ អាមេរិក។

ខ្ញុំទន្ទឹងជួបជាមួយឯកឧតុ្តមដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការ ជិតស្និទ្ធជាមួយឯកឧត្តម។ សូមឯកឧតុ្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ។

សូមបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតមួយអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅសហរដ្ឋអាមេរិក៕

ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img