ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅជិតផ្សារទំនើបមួយកន្លែងក្នុងក្រុង Barretos រដ្ឋ Sao Paulo បន្ទាប់ពីប្រេស៊ីលប្រកួតចាញ់ក្រូអាតក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ។
បើយោងតាមមន្ត្រីអនុវត្តច្បាប់ប្រេស៊ីលបានឲ្យដឹងថា ជម្លោះមួយនេះបានផ្ដើមចេញពីកន្លែងលក់អាហាររបស់ផ្សារទំនើបមួយកន្លែង ហើយបានឈានដល់ការប៉ះទង្គិចទ្រង់ទ្រាយធំនៅខាងក្រៅអគារ ។ មួយសន្ទុះក្រោយមក ភាគីពាក់ព័ន្ធដែលមានគ្នាច្រើននាក់បានបើករថយន្តទៅផ្សារទំនើបនោះ និងបើកការបាញ់ប្រហារទៅលើមនុស្សដែលឈរនៅតាមដងផ្លូវ ។
ជាលទ្ធផលនៃការបាញ់ប្រហារនេះ ក្មេងស្រីម្នាក់បានត្រូវគ្រាប់ស្លាប់ ចំណែកមិត្តភ័ក្តិរបស់នាងត្រូវគ្រាប់ធ្លាយសួត ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ខណៈខ្មាន់កាំភ្លើងបានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយប៉ូលិសក៏កំពុងតាមរកជនសង្ស័យផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានរងបរាជ័យក្រោមថ្វីជើងរបស់ក្រូអាតដោយបាល់កាត់សេចក្ដី ១១ ម៉ែត្រក្នុងលទ្ធផល ២-៤ ហើយត្រូវជ្រុះចេញពី World Cup ត្រឹមពេលនេះ ៕
ប្រភព: CBC ប្រែសំរួលដោយ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News