ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានកោះប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក ឈិត សុខុន រដ្ឋមន្ត្រីសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយផ្តោតសំខាន់លើសុខដុមនីយកម្មសាសនា ដែលធ្វើឱ្យសង្គមសុខសាន្តរស់នៅចុះសម្រុងគ្នា ក្នុងប្រទេសកម្ពុជា ក្នុងបរិបថ នៃជំងឺកូវីដ-១៩។
កិច្ចពិភាក្សានេះ ជាការបន្តអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មការទី៧នៃរដ្ឋសភា ក្នុងការតាមដានការ អនុវត្តច្បាប់ និងគោលនយោបាយដោយក្រសួងក្រោមបន្ទុក ស្របតាមតួនាទី ភារកិច្ច របស់គណៈ កម្មការទី៧ នៃរដ្ឋសភា ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ។
លោក ហ៊ុន ម៉ានី ប្រធានគណៈ កម្មការទី៧នៃរដ្ឋសភា និងលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានបង្ហាញពីការយកចិត្តទុកដាក់របស់គណៈ កម្មការទី៧ នៃរដ្ឋសភា និងកិច្ចខិតខំប្រឹង ប្រែងបំពេញការងាររបស់ក្រសួងធម្មការ និងសាសនា ក្នុងការងារសុខដុមនីយកម្មសាសនា ដែលធ្វើឱ្យសង្គមសុខសាន្តរស់នៅចុះសម្រុងគ្នា និងការងារអប់រំបណ្តុះបណ្តាលក្នុងសាសនា ដែលបព្វជិត ជាកូនចៅប្រជាពលរដ្ឋបានទទួលចំណេះ ដឹងទាំងផ្លូវលោក និងផ្លូវធម៌ ដែលជាការជួយសង្គមមួយយ៉ាងធំធេង។
តាមរយៈជំនួបនេះ គណៈកម្មការទី៧ នៃរដ្ឋសភា បានបង្ហាញពីការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្រោមឱវាទនៃក្រសួង ឱ្យបន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចជាបន្តបន្ទាប់ និងជួយផ្សព្វផ្សាយ និងរំលេចពីវិធានការរបស់ក្រសួង ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ក្នុងកាលៈទេសៈដ៏លំបាកនេះលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងក្រសួង ធម្មការនិងសាសនា សុទ្ធតែបានទទួលស្គាល់សារៈសំខាន់នៃការចូលរួមនៃវិស័យសាសនា ដើម្បីជាផ្នែកមួយនៃដំណោះស្រាយ ចំពោះសង្គមទាំងការផ្សព្វផ្សាយធម៌ឱ្យចិត្តស្ងប់ និងការជួយឧបត្ថម្ភជាសម្ភារៈផ្សេងៗរបស់ព្រះសង្ឃ ក៏ដូចជាបព្វជិតនានា។
គណៈកម្មការទី៧នៃរដ្ឋសភា និងក្រសួងធម្មការ និងសាសនា បាននិងកំពុងគិតគូររួមគ្នាចំពោះកម្មវិធីសាសនានានា នៅពេលខាងមុខ សំដៅរៀបចំយន្តការបង្ការពីហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទ និងរូបភាពដោយ៖ Puthi News