ខេត្តកំពង់ឆ្នាំង ផ្លូវមួយខ្សែមានប្រវែងប្រមាណ៦គីឡូម៉ែត្រ និងផ្លូវតូចៗ៣ខ្សែទៀតតភ្ជាប់គ្នា ដែលជាគម្រោងស្ដារឡើងវិញ ក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ កំពុងអនុវត្តសាងសង់ នៅ ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច មកដល់ពេលនេះបានប្រមាណ ជាង៦០% ហើយ ធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្លាប់តែជួបការលំបាកនៅទីនោះមានការសប្បាយចិត្តនឹងថ្លែង អំណរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង អភិវឌ្ឍន៍ជនបទ និងឯកឧត្តមអភិបាលខេត្ត ក្នុងការស្ដារឡើងវិញនៅផ្លូវមួយខ្សែដែលធ្លាប់តែជួលការលំបាកនេះ។
លោក ហោ សារិទ្ធ មេឃុំសែប បានបញ្ជាក់ថា ផ្លូវមួយខ្សែដែលត្រូវបានកសាងពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវចាក់កៅស៊ូ dbst គឺជាគម្រោងត្រូវបានកំណត់ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបទៅនឹងកូវីដ-១៩ ហើយជាផ្នែកមួយនៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធជនបទរបស់ធនាគារ aiib សម្រាប់ផ្ដល់ភាគទានហិរញ្ញប្បទាន ក្នុងការឆ្លើយតបទៅនឹងកូវីដ-១៩។
លោកមេឃុំបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានប្រវែង ៥ ៨០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៥រហូតដល់ មាត់ទន្លេភូមិកំពង់ប្រាសាទ ឃុំសែប និងមានផ្លូវ៣ខ្សែទៀតដែលមានប្រវែងប្រមាណជាង ៥០០ ម៉ែត្រ។ត្រូវបានកសាងចាប់ពី ខែមិថុនា ឆ្នាំ២០២២ រហូតបញ្ចប់គម្រោង នៅខែមិថុនា ឆ្នាំ២០២៣។ ផ្លូវនេះមានទទឹងកៅស៊ូនិងបេតុងប្រវែង៦ ម៉ែត្រ ព្រមទាំងមានថ្នល់គ្រោះក្រហម សងខាងប្រវែង២ម៉ែត្រ។ ផ្លូវនេះកសាងជាផ្លូវកៅស៊ូ dbst មានប្រវែង៣៤២៩ម៉ែត្រ និងផ្លូវបេតុង មានប្រវែង ២៣២៤ម៉ែត្រ ដោយបានដាក់លូចំនួន១០កន្លែង ក្នុងនោះលូប្រអប់២កន្លែង។ ក្នុងនាមអាជ្ញាធរ ឃុំ ជួសមុខឲ្យប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមអភិបាលខេត្ត ដែលបានខ្នាស់ខ្នែង ធ្វើផ្លូវមួយខ្សែនេះឲ្យបានប្រសើរឡើងវិញ។
ប្រជាពលរដ្ឋដែលរស់នៅតាមងផ្លូវពិសេសពួកគាត់ជាអ្នកប្រកបមុខរបរលក់គ្រឿងទេស បានសម្តែងនូវក្តីរីករាយ។ជាមួយអាជ្ញាធរឃុំ និងថ្លែងអំណរគុណដល់សម្ដេចតេជោហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំក្នុងការធ្វើផ្លូវនេះឲ្យប្រសើរឡើងផងដែរ។
គួរបញ្ជាក់ដែរថាផ្លូវមួយខ្សែនេះគឺជាទូរគមនាគមន៍ ដ៏សំខាន់ សម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាប្រជាពលរដ្ឋនៅស្រុកជល់គីរីនិងភូមិសាស្ត្រដទៃទៀតជាប់ខេត្តកំពង់ចាមឆ្លងកាត់មកផ្លូវជាតិលេខ៥ ធ្វើដំណើរទៅមករាជធានីភ្នំពេញនិងខេត្តកំពង់ឆ្នាំងផងដែរ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News