ខេត្តកណ្ដាយ ៖ ដីព្រៃលិចទឹកជម្រកត្រីពងកូនក្នុងប្រព័ន្ធអាងស្តុកទឹកសាធារណរដ្ឋទំនប់ទទឹងរាប់សិបហិកតា ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានបុគ្គលអ្នកមានលុយមានអំណាចដាក់រឿងចក្រ (អេស្កាវ៉ាទ័រ អាអ៊ិច) ទៅឈូសឆាយកាយក្រវ៉ាត់ហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងថា អាងស្តុកទឹកទំនប់ទទឹងនេះគឺជាស្តុបទឹកសាធារណៈរបស់រដ្ឋដែលកើតមានឡើងតាំងពីដូនតាមកម៉្លេះ និងជាប្រភពទឹកដ៏មានសារយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅយកទឹកប្រើប្រាស់ស្រោចស្រពផលដំណាំផ្សេងៗdនិងរកនេសាទត្រីលក្ខណៈគ្រួសារចិញ្ចឹមជីវិត។ ប៉ុន្តែមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដីមានហាងឆេង ស្រាប់តែមានឈ្មួញអ្នកមានលុយមានអំណាចដាក់គ្រឿងចក្រឈូសឆាយព្រៃលិចទឹកជម្រកត្រីពងកូនជីកក្រវ៉ាត់ហ៊ុមព័ទ្ធយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាបន្តបន្ទាប់យ៉ាងអនាធិបតេយ្យបាត់អស់ទៅហើយ ដោយមិនមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ ឬមន្ត្រីជំនាញឬស្ថាប័នពាក់ព័ន្ធណាមួយឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា អាងស្តុកទឹកទំនប់ទឹកនេះ ចាប់ពីភូមិរាំងដេក ស្រុកកៀនស្វាយ រហូតបុកដល់ព្រំប្រទល់ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មិនត្រឹមតែជាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋស្រោចស្រពផលដំណាំប៉ុណ្ណោះទេ ជាពិសេសនោះ គឺជាប្រព័ន្ធរំដោះជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសកុំឱ្យមានការលិចផ្ទះសំបែង និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិរាំងដេកទាំងមូលទៀតផង។ ស្រាប់តែឥឡូវត្រូវគេលើកក្រវ៉ាត់ទំនប់ធំៗលុបបិទជិតប្រព័ន្ធរំដោះទឹកអស់បែបនេះ ទៅថ្ងៃមុខអាចនឹងប្រឈមជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែងខូចខាតហេដ្ឋារចនាសម្ព័ន្ធផលដំណាំរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខានឡើយ។
ប្រភពបន្តថា ក្រុមឈ្មួញដែលមានមហិច្ឆតារំលោភយកដីក្នុងអាងស្តុកទឹកសាធារណៈរបស់រដ្ឋទំនប់ទទឹងនេះ សុទ្ធតែជាអ្នកមានលុយមានអំណាចជិះសុទ្ធតែឡានទំនើបពេលមកមើលដីម្ដងៗ ហេតុដូចនេះហើយ ទើបគ្មានប្រជាពលរដ្ឋណាម្នាក់ហ៊ានចេញមុខតវ៉ានោះទេ ។ បើទោះបីជាចេញមុខតវ៉ាក៏មិនឈ្នះពួកគេដែរ បើអាជ្ញាធរអ្នកមានសិទ្ធិការពារដីសាធារណៈរបស់រដ្ឋគាត់មិនអើពើផងនោះ ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរស្រុក ខេត្តនឹងមានចំណាត់ការជួយទប់ស្កាត់បង្ក្រាបដើម្បីរក្សាការពារដីអាងស្តុកទឹកនេះទុកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញនេះ ដើម្បីសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលដូចដើមវិញ។
ជុំវិញបញ្ហាខាងលើនេះ លោកហេង ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារសារព័ត៌មានកោះសន្តិភាពឲ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធដីអាងស្តុកទឹកទំនប់ទទឹងនេះ មិនមែនជាដែនសមត្ថកិច្ចរបស់លោកទេ គឺជាដែនសមត្ថកិច្ចរបស់មន្ត្រីធនធានទឹក ។ ចំណែកអាជ្ញាធរស្រុកកៀនស្វាយអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ សង្ស័យត្រូវគ្នា ចែកគ្នាស៊ីច្រាស់ច្រំអស់ទេដឹង ?
ដោយ៖ Puthinews