ស្តាប់អត្ថបទជាសំឡេង
បាត់ដំបង៖ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបរិភោគបន្លែបែបធម្មជាតិគ្មានជាតិគីមី ដើម្បីទ្រង់ទ្រង់សាពាង្គកាយ ក៏ដូចជាសុខភាពនោះ កម្មវិធីបច្ចេកទេសថ្មី ដែលធន់នឹងភាពបម្រែបម្រួលអាកាសធាតុ ហៅកាត់ថា អាស្ពាយ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រោមការអនុវត្តគម្រោងដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបង បានធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងការដាំដុះបន្លែចម្រុះ ការចិញ្ចឹមសត្វជូនដល់កសិករ តាមរយៈនៃសាលារៀនស្រែកសិករ ជាពិសេសការដាំបន្លែក្នុងផ្ទះសំណាញ់ ដែលកំពុងតែទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ ទាំងទិន្នផលមានការកើនឡើង និងចំណេញថវិកា កាត់បន្ថយបានលើការប្រើប្រាស់ទឹក ជី ពេលវេលា និងពូជជាដើម ។
ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកឯកភ្នំ លោក ចាប សុធា បានបញ្ជាក់ឱ្យដឹងថា កម្មវិធីបច្ចេកទេសថ្មីដែលធន់នឹងភាពបម្រែបម្រួលអាកាសធាតុ បានផ្តល់ផ្ទះសំណាញ់ធំសម្រាប់ស្រុកឯកភ្នំ មានចំនួន៥ និងផ្ទះសំណាញ់តូច ចំនួន៣០ ដែលរហូតមកដល់នឹងពេលនេះ ស្រុកឯកភ្នំ បានធ្វើការអនុវត្តកសិកម្មល្អ តាមបច្ចេកទេស ជាពិសេសការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ មានទីផ្សារល្អ និងមានតម្លៃខ្ពស់ធានាសុវត្ថិភាពសម្រាប់ អ្នកប្រើប្រាស់ មិនឱ្យមានផលប៉ះពាល់សុខភាព រីឯការដាំដុះតាមទម្លាប់វិញ មានកង្វះខាតទីផ្សារនិងមានតម្លៃទាប ។
អ្នកស្រី ឡាំ អេង និងលោក សឿត សុជា កសិកររស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ បានបង្ហាញនូវភាពសប្បាយរីករាយ បន្ទាប់ពីទទួលបានផ្ទះសំណាញ់ពីកម្មវិធីបច្ចេកទេសថ្មី ដែលធន់នឹងភាពបម្រែបម្រួលអាកាសធាតុ សម្រាប់ធ្វើការដាំដុះបន្លែ ខណៈក្នុងរដូវវស្សានេះការដាំបន្លែខាងក្រៅ មិនសូវទទួលបានផល តែការដាំក្នុងផ្ទះសំណាញ់គឺទទួលបានផលល្អ និងមានទិន្នផលខ្ពស់ ហើយទីផ្សារក៏មិនសូវពិបាករកដែរ ពិសេសដំណាំស្ពៃផ្កា ឬខាត់ណាផ្កា ដែលអាចបានផលនិងទទួលបានប្រាក់លឿន ។
យ៉ាងណាក៏ដោយ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកឯកភ្នំ បានជំរុញការណែនាំដល់កសិករទូទៅ សូមបន្តចូលរួមក្នុងការដាំដុះដំណាំបន្លែតាមបច្ចេកទេសថ្មី ដែលធន់នឹងភាពបម្រែបម្រួលអាកាសធាតុ ព្រោះវាងាយនឹងទទួលបានផល និង បានផលចំណេញថវិកាច្រើនជាងការដាំបន្លែខាងក្រៅផ្ទះសំណាញ់ ដែលត្រូវចំណាយលើថ្លៃដើមផលិត ជាពិសេសលើការប្រើប្រាស់ជី ទឹក និងថ្នាំសម្លាប់សត្វល្អិតជាដើម សំខាន់ជាងនេះទៀតនោះ គឺការដាំបន្លែក្នុងផ្ទះសំណាញ់គឺជាតម្រូវការចាំបាច់បំផុតពីសំណាក់អ្នកបរិភោគ ដែលត្រូវការបន្លែសុវត្ថិភាព សម្រាប់សុខភាពរបស់ពួកគាត់ថែមទៀតផង ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews