កម្លាំងនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យជាក្មេងស្ទាវ ២នាក់ ដែលបានកែច្នៃគ្រាប់រំសេវ បំផ្ទុះលើគូទំនាស់ដែលកើតឡើងនៅយប់ថ្ងៃទី៣ ខែមិថុនា កន្លងទៅ នៅក្បែរស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយដង្គំ។
នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះ កម្លាំងសមត្ថកិច្ចនៃនគរបាលក្រុងសៀមរាប បាននាំជនសង្ស័យខាងលើ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ។ របាយការណ៍របស់នគរបាលបញ្ជាក់ថា ជនសង្ស័យទី១ មានឈ្មោះសេង កុន អាយុ១៨ឆ្នាំ ទី២ ឈ្មោះ រ៉ន ដារ៉ុង អាយុ២០ឆ្នាំ ពួកគេមានមុខរបរជាសិស្សរៀនជួសជុលម៉ូតូ។
ការឃាត់ខ្លួនជនសង្ស័យនេះ គឺរយៈពេល៣ថ្ងៃក្រោយមានករណីកើតហេតុបំផ្ទុះគ្រាប់រំសេវ នៅក្បែរស្នាក់ការគណបក្សប្រជាជនសង្កាត់ស្វាយដង្គំ ដែលស្ថិតនៅភូមិវិហារចិន។ នគរបាលបានពិនិត្យកាមេរ៉ាសុវត្ថិភាព និងបានកំណត់អត្តសញ្ញាណជនសង្ស័យខាងលើជាបន្តបន្ទាប់នៅថ្ងៃទី៧ ខែមិថុនា។
យោងតាមការចុះផ្សាយរបស់អធិការនគរបាលក្រុងសៀមរាប ឈ្មោះ សេង សុកន យកមកសួរនាំ សារភាពថា ខ្លួនត្រូវបានឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង ត្រូវជាមិត្តភក្តិប្រាប់ខ្លួនថាត្រូវបានគេវាយនៅសួនបឹងកាឡូ ហើយខ្លួនប្រាប់ទៅឈ្មោះរ៉ន ដារ៉ុង ថារូបខ្លួនចេះផលិតគ្រាប់រំសេវផ្ទុះកាលដែលរស់នៅប្រទេសថៃ បន្ទាប់មកឈ្មោះរ៉ន ដារ៉ុង ហៅហ៊ីង បានឱ្យទៅរកទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ ដោយយករំសេវផាវគ្រាប់បាល់មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់ហើយរុំស្គុតឱ្យណែន ដោយផលិតបានចំនួន ០៥គ្រាប់។
ក្រោយច្នៃរួចពួកគេទាំងពីរ បានទៅកន្លែងកើតហេតុខាងលើដើម្បីប្រាប់ពីទីតាំងបោករំសេវកែច្នៃ ដែលអ្នកវាយធ្លាប់គេជួបជុំនៅទីនោះ។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២០:០០នាទីយប់ ដែលជាថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ សេង សុកន ក៏បានជិះម៉ូតូរបស់ខ្លួនទៅកន្លែងកើតហេតុហើយធ្វើសកម្មភាពបោកគ្រាប់រំសេវកែច្នៃ បណ្តាលឱ្យផ្ទុះ លើផ្លូវ រួចបើកម៉ូតូរត់គេចខ្លួនតែម្នាក់ឯង។ ជនសង្ស័យសារភាពទៀតថា ខ្លួនបានបោកគ្រាប់រំសេវនោះតែមួយគ្រាប់ទេ សល់៤គ្រាប់ទៀត ខ្លួនយកទៅហែកចោលតាមផ្លូវ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News