28 C
Phnom Penh
Friday, November 22, 2024

ធនាគារកណ្តាលជប៉ុនលើកឡើងពីហានិភ័យចំពោះសេដ្ឋកិច្ចជប៉ុនដោយសារអតិផរណាខ្ពស់ 

(តូក្យូ)៖ លោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុនបានឱ្យដឹងកាលពីថ្ងៃសុក្រថា ការកើនឡើងតម្លៃទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ អាចប៉ះពាល់ដល់អារម្មណ៍របស់គ្រួសារពលរដ្ឋជប៉ុន ហើយការកើនឡើងសម្ពាធអតិផរណាកំពុងលេចឡើងជាហានិភ័យដល់សេដ្ឋកិច្ចផុយស្រួយរបស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ 

អតិផរណាទំនិញប្រើប្រាស់ស្នូលនៅប្រទេសជប៉ុនបានកើនឡើង ២,១ភាគរយនៅខែមេសា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលលើសពីគោលដៅ ២ភាគរយរបស់ធនាគារកណ្តាលជប៉ុនជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ ភាគច្រើនដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈនិងវត្ថុធាតុដើម។ 

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Kuroda ថា ការកើនឡើងតម្លៃទំនិញខ្លាំងពេកមិនមែនជាអ្វីដែលចង់បានឡើយ នៅពេលដែលកំណើនប្រាក់ចំណូលរបស់គ្រួសារនៅតែកម្រិតទាប។ 

លោក Kuroda បានមានប្រសាសន៍ថា៖ «តម្លៃកំពុងកើនឡើងជាពិសេសតម្លៃទំនិញ ដែលគ្រួសារទិញ ញឹកញាប់ដូចជា ប្រេងសាំង និងអាហារជាដើម។ ការឡើងថ្លៃបែបនេះអាចប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ ដូច្នេះយើងត្រូវមើលការវិវឌ្ឍនានាដោយប្រុងប្រយ័ត្ន»។ 

លោក Kuroda បាននិយាយម្តងហើយម្តងទៀត ធនាគារកណ្តាលជប៉ុននឹងមិនដកចេញវិធានការជំរុញរូបិយវត្ថុដ៏ធំរបស់ខ្លួនឡើយ ដោយសារកំណើនអតិផរណានាពេលថ្មីៗនេះត្រូវបានជំរុញភាគច្រើនដោយថ្លៃដើមទំនិញខ្ពស់ ហើយទំនងជាកត្តបណ្តោះអាសន្នប៉ុណ្ណោះ។ 

លោក Kuroda បានថ្លែងទៀតថា៖ «អ្វីដែលធនាគារកណ្តាលសង្ឃឹមថានឹងសម្រេចបាននោះគឺវដ្តវិជ្ជមានដែលតម្លៃកើនឡើងជាសន្សឹមស្របពេលជាមួយនឹងមានកំណើនសេដ្ឋកិច្ចនិងកំណើនប្រាក់ឈ្នួលដ៏រឹងមាំ»។ លោកបានបន្ថែមថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសសេដ្ឋកិច្ចមួយ ដែលប្រាក់ឈ្នួលអាចកើនឡើងកាន់តែច្រើន»៕ 

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img
spot_img