26 C
Phnom Penh
Monday, December 23, 2024

ទឹកស្ទឹងព្រែកត្នោត បានស្រកចុះវិញ១ម៉ែត្រ នៅថ្ងៃទី១២ ខែតុលានេះ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន បានឱ្យដឹងថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតបានស្រកចុះ១ម៉ែត្រ សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ហើយទឹកបានស្រកព្រមៗគ្នាទាំងកម្ពស់ទឹកនៅខេត្តកំពង់ស្ពឺ កម្ពស់ទឹកនៅខេត្តកណ្ដាល និងកំពស់ទឹកនៅរាជធានីភ្នំពេញ។ ទោះជាស្ថានភាពទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមស្រកចុះច្រើនក៏ដោយ មន្ទីរជំនាញ និងអាជ្ញាធរដែនដី នៅតែបន្តត្រៀមបង្ការទប់ស្កាត់ គ្រោះមហន្តរាយជានិច្ច។

លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ថា សម្រាប់ថ្ងៃ១២ ខែតុលា ឆ្នាំ២០២១ កម្ពស់ទឹកនៅចំណុចស្ពានឃ្លៃ មានកម្ពស់ ៤,២០ម៉ែត្រ ស្រក់ចុះ ០,៥ម៉ែត្រ ប្រៀបធៀបកាលពីម្សិលម៉ិញ។ ចំណែកនៅចំណុចរលាំងជ្រៃកម្ពស់ទឹក ៦,៩០ម៉ែត្រ ស្រកចុះ ០,០២ម៉ែត្រ ប្រៀបធៀបកាលពីម្សិលម៉ិញ និងទឹកស្ពានកំពង់ទួល ឬស្ពាន៧មករា កម្ពស់ទឹក ៦,២០ម៉ែត្រ ស្រកចុះ ១ម៉ែត្រ ប្រៀបធៀបកាលពីម្សិលម៉ិញ។ ស្ថានភាពទឹកនៅពេលនេះ មិនមានអ្វីជាបញ្ហានោះទេ ប៉ុន្តែអាជ្ញាធរនៅតែសង្កេតមើលស្ថានភាពទឹក និងអាកាសធាតុបន្តទៀត។ ចំពោះវិធានការបង្ការទប់ស្កាត់គ្រោះទឹកជំនន់នេះ នៅតែបន្តត្រៀមដដែល ទៅតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយពេលនេះមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានលើកកូនទំនប់តូចមួយនៅលើទំនប់ចាស់ដើម្បីការពារទឹកជំនន់ ដែលសកម្មភាពនេះបានកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក។

ទន្ទឹមនឹងនេះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយម ធ្វើការតាមដានមើលស្ថានភាពទឹកជាប្រចាំផងដែរ បើមានបញ្ហាអ្វីកើតឡើង នឹងចេញជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេល និងមិនបណ្តោយឱ្យខូចខាតទ្រព្យសម្បត្តិពលរដ្ឋនោះទេ៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img