ស្តាប់អត្ថបទជាសំឡេង
កំពត៖ ក្រោយពីស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពត បានថមថយ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ភ្ញៀវទេសចរបានទៅលេងកម្សាន្តតាមរមណីដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្ត មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ភ្ញៀវទេសចរបានទៅសម្រាកកម្សាន្តនៅក្នុងខេត្តកំពត មានចំនួន ២៤.៧៣២នាក់ កើនឡើងប្រមាណ ៧ភាគរ ធៀបនឹងសប្តាហ៍មុន។
ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្ត បានវាយតម្លៃថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ចំនួនភ្ញៀវទេសចរ នឹងមានកំណើនច្រើន ព្រោះជារៀងរាល់ឆ្នាំខេត្តកំពត ជាគោលដៅទេសចរណ៍ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។ ការនេះមន្ទីរទេសចរណ៍ បានរៀបចំក្រុមការងាររបស់មន្ទីរ ចុះត្រួតពិនិត្យនៅតាមរមណីដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្ត ក្នុងការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងវិធានសុវត្តិភាពនានាដែលដាក់ចេញដោយក្រសួងសុខាភិបាលព្រមទាំងការអនុវត្តសារាចរណែនាំប្រមុខរាជរដ្ឋាភិបាលផង ដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតរបស់មន្ត្រីទេសចរណ៍នាពេលកន្លងមក នៅតាមរមណីដ្ឋាន និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត ភ្ញៀវទេសចរភាគច្រើន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានជាង៩០ភាគរយហើយ និងបានប្រកាន់ខ្ជាប់នូវវិធានសុវត្តិភាពជានិច្ច ដោយមិនភ្លេចអាល់កុល ឬជែល និងវាស់កំដៅមុនពេលចូលក្នុងរមណីដ្ឋាន ឬកន្លែងកម្សាន្ត និងមានការរក្សាគម្លាតសុវត្តិភាពបានល្អ។
ចំណែកនៅតាមរមណីដ្ឋាន និងកន្លែងកម្សាន្តនានា បានរៀបចំនូវវិធានសុវត្តិភាពដល់ភ្ញៀវទេសចរដូចគ្នា ដែលភ្ញៀវទេសចរទៅកម្សាន្តទាំងអស់មុនចូល ត្រូវបាញ់អាល់កុល និងវាស់កំដៅ ហើយបុគ្គលិក និងអ្នកដែលបម្រើការក្នុងរមណីដ្ឋាន និងកន្លែងកម្សាន្ត តម្រូវឱ្យមានការពាក់បង្ហាញប័ណ្ណចាក់វ៉ាក់សាំងគ្រប់ពេល ដើម្បីឱ្យភ្ញៀវទេសចរមានទំនុកចិត្តក្នុងការចូលលេងកម្សាន្ត។
ចំពោះការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពតបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្កើតក្រុមវេណប្រចាំបញ្ជាពិសេស ដើម្បីការពារសន្តិសុខជូនដល់ភ្ញៀវទេសចរ និងបានត្រៀមរួចជាស្រេចនូវកម្លាំងនគរបាលចរាចរណ៍ក្នុងការរៀបចំសម្រួលចរាចរណ៍ជូនដល់ភ្ញៀវដែលទៅកម្សាន្តក្នុងខេត្តកំពត នាឱកាសបុណ្យភ្ជុំបិណ្ឌ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews