កំពង់ឆ្នាំង៖ ត្រីចិញ្ចឹមក្នុងបែរ ជាច្រើនបែ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបានពុលងាប់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ ខែមេសា។ ទោះយ៉ាងណានៅថ្ងៃទី៥ ខែមេសា នេះស្ថានភាពបានធូរស្រាលខ្លះហើយ បន្ទាប់ពីម្ចាស់បែត្រី បានប្រើវិធីដើម្បីជួយសង្គ្រោះត្រីរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ត្រីពិតជាបានងាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមេសា នេះពិតប្រាកដមែន។ ប៉ុន្តែនៅថ្ងៃទី០៥ ខែមេសានេះស្ថានភាពបានធូរស្រាលហើយបន្ទាប់ពីក្រុមអ្នកចិញ្ចឹមត្រីទាំងនោះបាន ប្រើវិធី អូសបែត្រីរបស់ខ្លួនចុះឡើងៗ ដើម្បីឲ្យមានខ្យល់អុកស៊ីសែនឡើងវិញ និងដើម្បីបំបាត់ក្លិនស្អុយ ដែលបណ្ដាលឲ្យត្រីពុល។
ចំពោះមូលហេតុ គឺបណ្ដាលមកពីមានភ្លៀងធ្លាក់ ពីប៉ែកខាងលើ១មេ ហើយទឹកបានហូរ នាំយកចំហាយក្តៅចុះចូលទន្លេ និងនាំក្លិនស្អុយ មកជាមួយ ទើបបណ្ដាលឱ្យត្រីពុលងាប់ អស់ជាច្រើនតោន។
លោក លីឡា បញ្ជាក់ទៀតថា មិនទាន់ដឹងថា ចំនួនបែរត្រីរបស់អ្នកភូមិចុងកោះ មានចំនួនប៉ុន្មាននោះទេ ប៉ុន្តែច្រើនអាចដល់រាប់រយបែរត្រី ដែលបែរត្រីនិមួយៗ មានចិញ្ចឹមត្រីដូចជា ត្រីខ្យា ត្រីពោធិ៍ ត្រីសណ្ដាយ ត្រីឆ្ពិន ត្រីព្រលូង ត្រីខ្យាង និងត្រីប្រា ជាដើម ហើយក្នុងបែរនីមួយៗមានត្រីចិញ្ចឹមចាប់ពី១តោនដល់ ៦តោន។ ចំណែក ឯបែរធំៗខ្លះទៀតមានពី២០ រហូតដល់៥០ តោនឯណោះ។
ចំពោះបរិមាណ ត្រីរងគ្រោះធម្មជាតិ ដែលបណ្តាលឱ្យងាប់ គឺក្នុងបែរនិមួយៗ ងាប់អស់ប្រមាណពី១០ទៅ២០% ។ ក្រោយពីការណែនាំបច្ចេកទេស ពីមន្ត្រីជំនាញ ក៏ដូចជាពួកគាត់ធ្លាប់ប្រើបានអូសបែត្រីចុះឡើងៗ តាមដងទន្លេ ដើម្បីបង្កើនឲ្យមានខ្យល់អុកស៊ីសែនធ្វើឲ្យត្រីរបស់ពួកគាត់អាចស្ដារស្ថានភាពឡើងវិញបានហើយ។
លោកបានបញ្ជាក់ថាបើកស្ថានភាពធាតុអាកាសនៅតែបែបនេះម្ចាស់បែរត្រូវចាំបាច់ត្រូវតែអូសបែត្រី របស់ខ្លួនចុះឡើង ៗនេះបន្តទៀត ឬក៏ត្រូវដាក់ម៉ាស៊ីនបាញ់ខ្យល់បង្កើតអុកស៊ីសែនក្នុងបែរ ថែមទៀត រហូតដល់មានភ្លៀងធ្លាក់ទឹកត្រជាក់ឡើងវិញទើបស្ថានភាពល្អប្រសើរ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News