31 C
Phnom Penh
Friday, November 22, 2024

ដើរ​បិណ្ឌបា​ត​យក​តែ​ប្រាក់​​មិន​យក​​ចង្ហា​ន់ ឆ្ងល់​ក៏តាម​ដានសកម្មភាព​ទើប​ដឹង​​

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ពាក់​ស្បង់​ចីវរ​ក្លែង​ធ្វើជា​សង្ឃ​ដើរ​បិណ្ឌបាត​តាម​ភូ​មិ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​សង្ស័យ​ថា ជន​នេះ​ជា​សង្ឃ​ក្លែងក្លាយ និង​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​លាក់​ទុក​ក្នុង​ថង់យាម កាលពី​វេលា​ម៉ោង៩និង២០នាទី​ព្រឹក​ថ្ងៃ​ទី ០២ ខែមិថុនា ខណៈ​ដែល​ជន​នេះ​កំពុង​ដើរ​សុំ​ប្រាក់​ពលរដ្ឋ នៅ​ភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​​ថ្មគោ​ល ​។ 

លោក សេង លុច អធិការ​ស្រុក​ថ្មគោលបាន​ប្រាប់​កោះសន្តិភាព​ថា ជន​ក្លែងបន្លំ​ជា​ព្រះសង្ឃ​នេះ​ឈ្មោះ លឹម ចាន់​វិបុល អាយុ៣០ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ច្រនៀង ឃុំ​ស្រែជាខាងជើង ស្រុក​ដងទង់ ខេត្តកំពត​។ ជន​នេះ ​បាន​ពាក់​ស្បង់​ចីវរ​ក្លែង​ធ្វើជា​សង្ឃ​ដើរ​បិ​ណ្ឌបាត​បច្ច័​យ​ពី​អ្នកភូមិ តែ​បដិ​សេ​ធ​មិន​ទ​ទូល​យក​ចង្ហាន់​ទេ ​។ 

លោកបាន​បញ្ជាក់​ថា ដោយសារតែ​សកម្មភាព​ចម្លែក​បែបនេះ​ហើយ ទើប​អ្នកភូមិ​រាយ​កា​រណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​តាមមើល​សកម្មភាព​រហូត​តាម​រក​ឃើញ​សង្ឃ​ក្លែង​ក្លាយ​នេះ ក៏​ហៅ​សួរនាំ លុះ​ត្រូ​ត​ពិនិត្យ​ថង់យាម​ ស្រាប់តែ​ប្រទះឃើញ​គ្រឿងញៀន​មួយ​កញ្ចប់​ទៀត​។ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹ​ង​ថា គេ​ប្រទះឃើញ​សង្ឃ​ក្លែងក្លាយ​ម្នាក់​នេះ​ប៉ុន្មាន​ព្រឹ​ក​ជាប់​ៗ​គ្នា បាន​ដើរ​បិ​ណ្ឌបាត​នៅក្នុង​មូល​ដ្ឋាន ក្នុង​សកម្មភាព​ដ៏​ចម្លែក​បំផុត​។ ចម្លែក​ត្រង់ថា សង្ឃ​ម្នាក់​នេះ​សុំ​តែ​បច្ច័យ មិនទ​ទួល​យក​ចង្ហាន់​សោះ​។ 

អ្នកភូមិ​និយាយ​ថា ដោយ​ឃើញ​សកម្មភាព​បែបនេះ អ្នកភូមិ​ក៏បាន​រាយ​កា​រណ៏​ប្ដឹង​ទៅ​មន្រ្តី​មូល​ដ្ឋាន​ឲ្យ​ជួយ​តាម​ឃ្លាំមើល​សកម្មភាព​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ០២ មិថុនា សមត្ថកិច្ច​ក៏​ប្រទះឃើញ​ជន​នេះ​ជា​ថ្មី ទើប​ហៅ​ទៅ​សួរនាំ​នៅ​ប៉ុ​ស្ដ៏​រដ្ឋបាល ទើប​ដឹង​ថា ជន​នេះ​ជា​សង្ឃ​ក្លែងក្លាយ​។ មិន​តែ​ប៉ុណ្ណោះ សមត្ថកិច្ច​ឆែក​ឃើញ​មាន​រក្សាទុក​នូវ​ថ្នាំញៀន​មួយ​កញ្ចប់​ទៀតផង​។ នៅចំពោះមុខ​សមត្ថកិច្ច សង្ឃ​ក្លែងក្លាយ​ឈ្មោះ លឹម ចាន់​វិបុល នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​សង្ឃ​ក្លែងក្លាយ​មែន​។ 

ជន​នេះ​និយាយ​ថា ខ្លួន​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅក្នុង«វត្ត​ខ្លា​កូ​ន» ស្ថិត​ក្នុង​ក្រុង​សេ​រី​សោភ័​ណ្ឌ ខេត្ត​បន្ទាយមានជ័យ​។ នៅ​ទីនោះ​ ខ្លួន​បាន​លួច​យក​ស្បង់​ចីវរ​របស់​ព្រះសង្ឃ​នៅក្នុង​វត្ត​នេះ យក​មក​ពាក់​បន្លំ​ធ្វើជា​សង្ឃ​ក្លែងក្លាយ ដើម្បី​ដើរ​បិណ្ឌបាត​បច្ច័យ​អ្នកភូមិ​។ ជន​នេះ​បាន​បញ្ជាក់​ថា ក្រោយមក ខ្លួន​ក៏បាន​ធ្វើដំណើរ​មក​បិណ្ឌបាត​បច្ច័យ​នៅ​ចំណុច​ភូមិ ឃុំ កើតហេតុ​ខាងលើ បាន​បែប​ការ​ក៏​ត្រូវ​អ្នកភូមិ​ប្ដឹង​សម​ត្ថ​មកិ​ច្ច​ឲ្យ​ឃាត់ខ្លួន​តែម្ដង​។ 

លោក សេង លុច បាន​និយាយ​ថា នៅពេល​មានការ​សង្ស័យ​ដំបូង យើង​បាន​នាំ​ជន​នេះ​មក​សួរនាំ លុះ​ដឹង​ថា ជន​នេះ​ជា​សង្ឃ​ក្លែងក្លាយ និងឆែក​រក​ឃើញ​មាន​រក្សាទុក​គ្រឿងញៀន​ផង ទើប​លោកស្នងការបញ្ជា​ឱ្យឃាត់ខ្លួន​តែម្ដង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ ដោយ​យល់ឃើញ​ថា ជន​នេះ​បាន​បន្លំ​ធ្វើជា​សង្ឃ ទើប​ខាង​មន្រ្តី​ធម្មការ​ស្រុក រួម​ទាំង​អាជ្ញាធរ​ស្រុក បាន​ឯកភាព​បក​ស្បង់​ចីវរ​ចេញពី​ខ្លួន​ជន​នេះ ហើយ​ប្រគល់ឲ្យ​សមត្ថកិច្ច​របស់​លោក​ចាត់ការ​ជន​នេះ​តាមផ្លូវ​ច្បាប់​។ 

លោកអធិការ​បាន​បញ្ជាក់​ថា ពេលនេះ​មន្រ្តី​ជំនាញ​របស់​លោក បាន​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ទៅលើ​ជន​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ ប៉ុន្តែ​ជន​នេះ​អាច​នឹង​ជាប់ពាក់ព័ន្ធ​នឹង​បទ​ល្មើស​​ដទៃទៀត ប្រសិនបើ​តំណាង​អយ្យការ​រក​ឃើញ​កំហុស ដែល​ជន​នេះ​បាន​ប្រព្រឹត្ត​៕ 

ដោយ៖ Puthinews

អានបន្ត

spot_img
spot_img