ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ បច្ចុប្បន្នវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា(Delta) បាននិងកំពុងតែរាលដាលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងជាច្រើន និងទីតាំងមួយចំនួនដែលមានការពាក់ព័ន្ធជាមួយនឹងវីរុសនេះ។
យោងតាមការឱ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩បានឱ្យដឹងថា ទីតាំងដែលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា(Delta) កំពុងតែរាត្បាតគឺ៖
– គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អា អឹម ខេ (AMK Microfinance) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៦ ភូមិត្រពាំងថ្លឹង ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងនេះ។
– ផ្សារដេប៉ូ បានរកឃើញករណីវិជ្ជមាន វីរុសកូវីដ-១៩ចំនួន ៥ នាក់ ក្នុងនោះរួមមាន អ្នកលក់ជុំវិញផ្សារ ៣នាក់ (អ្នកលក់ទឹកកក, អ្នកលក់គ្រឿងឡាន ), អ្នកនៅផ្ទះ១នាក់ និងសិស្ស១នាក់។
– ទីសក្ការៈព្រះអង្គដងកើ ខាងមុខព្រះបរមរាជវាំង បានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ១ ករណី ដែលជា តាអាចារ្យ មានវ័យ ៣៦ឆ្នាំ ក្រោយពីបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta បានទៅកាន់ទីនោះ។
– ជាងជួសជុលជើងក្រោមរថយន្ត ធន់តូច គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្ទះ ២៣៦ ផ្លូវ៣៥ ភូមិតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ អ្នកជំងឺកូវីដ-១៩ គឺម្ចាស់ទីតាំង។
– មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ដែលមានទីតាំងនៅក្បែរ ផ្សារសុវណ្ណា រកឃើញវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ដែលទីតាំងនេះ ព្យាយាមលាក់បាំង និង Live facebookថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង។ ប៉ុន្តែក្រុមការងារចុះទៅយកសំណាក បុគ្គលិកនៅទីតាំងខាងលើនេះ ដោយសារ តែអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta រកឃើញនៅផ្សារដេប៉ូ បានទៅកាន់ទីតាំងនេះ។
បន្ទាប់ពីរកឃើញអ្នកពាក់ព័ន្ធវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា(Delta) នៅទីតាំងខាងនេះ អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ ក៏បានធ្វើការពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ម្យ៉ាងវិញទៀត ចំពោះប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់ សេវាកម្ម នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត៕
អត្ថបទ និងរូបភាពដោយ៖ Puthi News